កម្ពុជាត្រៀមបំបែក World Record ថ្មី នៃ «សួនបេះដូង» (Video Inside)
«សួនបេះដូង» នាបរិវេណប្រាសាទអង្គរវត្ត នឹងត្រៀមបំបែកកំណត់ត្រាពិភពលោកនៅថ្ងៃទី១១ មេសា ឆ្នាំ២០២៣។ «សួនបេះដូង» គឺជាទីកន្លែងដែលរៀបចំបត់ក្រដាសពណ៌ចម្រុះ និងបានរៀបចំធ្វើនាបរិវេណប្រាសាទអង្គរវត្ត។
ការបត់ក្រដាសពណ៌ជារូបបេះដូងដែលមានចម្រុះពណ៌នោះ គឺជាការចូលរួមបត់ពីប្រជាពលរដ្ឋ, ពីសិស្សានុសិស្ស, ពីយុវជនគ្រប់ទិសទី ដែលរៀបចំធ្វើជាសួន ដែលគេដាក់ឈ្មោះថា «សួនបេះដូង»។
ការចាប់ផ្តើមរាប់ចំនួនបេះដូងក្នុងសួននេះ នឹងត្រូវធ្វើនាវេលាថ្ងៃស្អែកទី១១ មេសា វេលាម៉ោង៤រសៀល ដើម្បីបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងដើម្បីការបំបែកកំណត់ត្រាពិភពលោក នៃចំនួន «បេះដូងច្រើនជាងគេលើពិភពលោក» ហើយការប្រកាសលទ្ធផល នៃការរាប់បេះដូងនេះ ក៏បង្ហាញនូវវប្បធម៌អរូបិយ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។
សហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ សូមចូលរួមក្នុងការរាប់បេះដូងនេះ ដែលនឹងមានការប្រកាសលទ្ធផលផងទៀត។
កម្ពុជាកន្លងមកនេះ បានទទួលជោគជ័យនៃការបំបែកកំណត់ត្រាពិភពលោក លើស្នាដៃមួយចំនួនមកហើយដូចជា «ការធ្វើនំអន្សមយក្ខ» ដែលធំ និងធ្ងន់ជាងគេ ទម្ងន់ជាង៤តោន, ការរាំចង្វាក់ Madison ក្នុងឆ្នាំ២០១៥ ដែលមានចំនួនមនុស្សច្រើនជាងគេ, ការត្បាញក្រមាដែលវែងជាគេបំផុតប្រវែង១ពាន់១៤៩ម៉ែត្រនិង៨តឹក, ទូកងវែងជាគេបំផុត ប្រវែង៨៧ម៉ែត្រ៣តឹក និងការបំបែកឯកទ្ទកម្មចុងក្រោយមួយទៀត គឺការសម្តែងសៀក ដែលមានរយៈពេលវែងដល់២៤ម៉ោង១០នាទី និង៣០វិនាទី ដែលគ្មានអ្នកណាអាចធ្វើបានឡើយ ក្នុងសកលលោកនេះ ។