បណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមពិធីសម្ពោធសមិទ្ធផលនានា ក្នុងខេត្តកំពង់ចាម (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានាដែលប្រព្រឹត្តទៅ នៅក្នុងខេត្តកំពង់ចាម នាថ្ងៃទី១០ មេសា ឆ្នាំ២០២៣។ សមិទ្ធផលដែលបណ្ឌិត ហ៊ុន ម៉ាណែត នៃតំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើនៅឃុំដងក្តារ នៃស្រុកស្ទឹងត្រង់ រួមមានសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដងក្តារ, អគារសម្ពព នៃមណ្ឌលសុខភាពដងក្តារ និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែថែមទៀតប្រវែង៣ពាន់ម៉ែត្រ។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាសនោះអបអរសាទរចំពោះសមិទ្ធផលជាច្រើន ដែលបាននិងកំពុងកើតមានឡើងនៅក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់ និងបានថ្លែងបញ្ជាក់ថា រយៈកាលកន្លងមកនេះ សម្តេចតេជោតែងបានប្តេជ្ញាកសាងសាលារៀន ឱ្យបានកៀកជិតទៅនឹងមូលដ្ឋាននៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈឱ្យកូនចៅប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ជានារី ឱ្យទទួលបានឱកាសសិក្សារៀនសូត្រ ដោយពុំចាំបាច់ធ្វើដំណើរផ្លាស់ទីទៅកន្លែងឆ្ងាយ។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាសក្ខីភាពនេះបានបង្ហាញថាប្រជាពលរដ្ឋនៅតែគាំទ្រ និងផ្តល់ទំនុកចិត្តចំពោះ សម្តេចតេជោ ក្នុងការដឹកនាំការពារ និងសង្គ្រោះអាយុជីវិតនៅគ្រប់ដំណាក់កាលលំបាកបំផុត ជាពិសេសនៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងកូវីដ១៩ កន្លងមកនេះ។

បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងទៀតថា សម្តេចតេជោ បានបង្ហាញនូវភាពជាអ្នកដឹកនាំដ៏គួរស្ញប់ស្ញែង តាមរយៈចក្ខុវិស័យដ៏វែងឆ្ងាយ, មានយុទ្ធសាស្ត្រច្បាស់លាស់ និងភាពអារកាត់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាល, ការពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ និងជោគជ័យ នៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារនៅទូទាំងប្រទេស ហើយនៅក្នុងដំណាក់កាលនីមួយៗនេះ គឺអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន ត្រូវបានតម្កល់ជាកត្តាអាទិភាពចម្បងបំផុត។

ads banner