នៅសល់២៥ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល២៥ថ្ងៃទៅមុខទៀតប៉ុណ្ណោះ ខណៈព្រះអគ្គីជ័យកីឡា បាននឹងកំពុងដង្ហែរព័ទ្ធជុំវិញប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រខាងកើត។ ការរាប់ថយក្រោយរយៈពេល១០០ ថ្ងៃ បានកន្លងផុត៧៥ថ្ងៃមកហើយ ខណៈដែលព្រះអគ្គីជ័យកីឡាកំពុងស្ថិតក្នុងប្រទេសម៉ាឡេស៊ី។

សូមជម្រាបថាព្រះអគ្គីជ័យកីឡាដែលបានដង្ហែរចេញពីកម្ពុជានៅថ្ងៃពុធទី២២ មីនា បានធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម, បន្តទៅហ្វីលីពីន, ទៅប្រទេសឥណ្ឌូណេស៊ី, ទៅប្រទេសទីម័រខាងកើត, និងកំពុងស្ថិតក្នុងប្រទេសម៉ាឡេស៊ី។

ពិធីដង្ហែរព្រះអគ្គីកីឡាក្នុងរដ្ឋធានីកូឡាំឡំពួរ នឹងគ្រោងធ្វើនៅថ្ងៃទី១១ មេសា ឆ្នាំ២០២៣។ ព្រះអគ្គីកីឡា នឹងត្រូវដង្ហែរបន្តមកប្រទេសសឹង្ហបុរីបន្ទាប់ពីប្រទេសម៉ាឡេស៊ី។ យោងតាមគំរោងការដង្ហែរព្រះអគ្គីកីឡាក្នុងសឹង្ហបុរីនឹងគ្រោងធ្វើនៅថ្ងៃទី១៥ មេសា មុននឹងបន្តមកប្រទេសថៃ…បន្ទាប់មកទៅប្រទេសមីយ៉ាន់ម៉ា និងចុងក្រោយទៅប្រទេសឡាវមុននឹងដង្ហែរចូលមកដល់ប្រទេសកម្ពុជាវិញ។

ភ្លើងគុបកីឡា នឹងបន្តដង្ហែរជាច្រើនបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយធ្វើដំណើរឆ្លងកាត់ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោនាវេលា ម៉ោង៨កន្លះយប់ គឺនៅចំពេលពិធីដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការលើកទី៣២ ឆ្នាំ២០២៣។

ads banner