សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី១០ មេសា បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន , ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ៥ពាន់នាក់ ដែលក្នុងនោះថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាល សហការី នៃសមាគមមូលនិធិសម្ដេចតេជោ ប្រធានសាខា តាមបណ្តាលខេត្ត ដៃគូ អង្គការក្រៅរដ្ឋាភិបាល ធនាគារដៃគូ ក្រុមហ៊ុនដៃគូ និង សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា មកពី២៥ រាជធានី និងខេត្ត ។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឱ្យដឹងថា ជំនួបសំណេះសំណាល និងពិសារអាហារសាមគ្គីនៅរសៀលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះអ្នកធ្វើធុរកិច្ច និងជាម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាវិស័យដ៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ។
វិស័យនេះ បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ មិនតែប៉ុណ្ណោះវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដោយក្នុងនោះសហគ្រាសជាង ៩០ភាគរយ នៅកម្ពុជា គឺជាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលបានផ្តល់ការងារជាង ៧០ភាគរយ ស្មើនឹងប្រមាណ ៥៨ភាគរយនៃផលិតផលក្នុងស្រុកសរុប។
បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា មានចំនួនសរុបជាង ៧០ម៉ឺនមូលដ្ឋាន ក្នុងនោះវិស័យកម្មន្តសាលមានប្រមាណ ៧ភាគរយ ស្មើនឹងជាង ៤ម៉ឺនមូលដ្ឋាន ហើយភាគច្រើន គឺប្រភេទកែច្នៃចំណីអាហារប្រមាណជា ៨០ភាគរយ, ក្នុងនោះរោងចក្រធុនធំ មានជិត ២ពាន់មូលដ្ឋាន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បាន ថ្លែងអំណរគុណ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ សមាគម សម្ព័ន្ធ សហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដែលបានសហការរៀបចំពិធីសំណេះសំណាល និងភាសាអាហារសាមគ្គីដ៏មានសារៈសំខាន់នេះឡើង, ដែលពិធីនេះ ផ្ដល់ឱកាសដល់សហគ្រិន ធុរជន និងនវៈធុរជន បានជួបប្រាស្រ័យពាក់ព័ន្ធគ្នា រាប់អានគ្នា កាន់តែជិតស្និទ្ធក៏ដូចជាអង្គពិធីទាំងមូល បានចូលពិភាក្សាផ្លាស់ប្ដូរ ទស្សនៈ គំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ ពង្រឹងកិច្ចសហការសំដៅរួមចំណែក ដល់ការជំរុញ កំណើនការងារ ប្រសិទ្ធភាពសមធម៌ និងចីរភាពនៅកម្ពុជា។
សម្ដេចតេជោ បានបង្ហាញនៅមោទនភាព និងកោតសរសើរចំពោះការខិតខំទាំងអស់ ដែលប្រឹងប្រែងនៅក្នុងការធ្វើឲ្យរីកចម្រើនឡើង នូវ ឧស្សាហកម្មកែច្នៃ ពាក់ព័ន្ធ និងវិស័យចំណីអាហារ។
សម្ដេចលើកឡើងថា កាលមុននេះយើងធ្លាប់តែនាំចូល ប៉ុន្តែតាមរយៈនៃសកម្មភាពជំរុញសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម, បច្ចុប្បន្នកម្ពុជា បានប្រើប្រាស់ផលិតផលកែច្នៃនៅក្នុងស្រុក ហើយបើសិនជាប្រជាពលរដ្ឋរបស់យើងផ្ដល់នូវលទ្ធភាពប្រើប្រាស់ផលិតផលក្នុងស្រុក នោះផលិតផលក្នុងស្រុករបស់យើង នឹងកាន់ឡើងថែមទៀត។
សម្ដេចតេជោ លើកឧទាហរណ៍ជាក់ស្ដែងដែរថា នៅពេលដែលមានបញ្ហាគ្រោះធម្មជាតិឬគ្រោះមហន្តរាយកើតមាន ការផ្ដល់ជំនួយសង្គ្រោះរបស់រាជរដ្ឋាភិបាល បានពឹងពាក់ស្ទើរទាំងស្រុង នូវការផ្គត់ផ្គង់ ផលិតផលដែលចេញពីការប្រើប្រាស់ ការកែច្នៃនៅក្នុងស្រុក ។
ក្នុងនេះដែរសម្ដេចក៏បានលើកទឹកចិត្តនិងផ្ដល់នៅទស្សនៈមួយចំនួន ដើម្បីជំរុញសហគ្រាសធុនតូចមធ្យម ឱ្យបានកាន់តែច្រើនឡើង ថែមទៀត , ហើយសម្ដេច លើកឡើងថា សហគ្រាសធុនតូច និងមធ្យម កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច កម្ពុជា ។
សូមរម្លឹកថា ដោយមើលឃើញពីសារៈសំខាន់ នៃសហគ្រាសធុនតូច និងមធ្យមនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាជាច្រើន ដើម្បីទ្រទ្រង់ដល់សកម្មភាពរបស់ពួកគេក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩។
ដើម្បីដោះស្រាយផលលំបាកបង្កដោយជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាពិសេស ៥០លានដុល្លារ ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, បង្កើតគម្រោងសហហិរញ្ញប្បទានចំនួន ១០០លានដុល្លារ ក្នុងបដិភាគស្មើគ្នារវាង SME Bank និងគ្រឹះស្ថានធនាគា និងហិរញ្ញវត្ថុដែលចូលរួមចំនួន៣៣ និងផ្តល់ដើមទុន ២០០លានដុល្លារ សម្រាប់បង្កើតសាជីវកម្មធានាឥណទានកម្ពុជា ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




