កម្ពុជាបំបែកឯតទគ្គកម្មពិភពលោក នៃ «សួនបេះដូង» (Video Inside)
«សួនបេះដូង» ដែលរចនាឡើងដោយកិច្ចប្រឹងប្រែងរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរ បានជាប់ជាកំណត់ត្រា របស់ពិភពលោក ក្រោយការប្រកាសរបស់ក្រុម World Guinness Records ថ្ងៃទី១១ មេសា ឆ្នាំ២០២៣។
សួនបេដូងនេះ មានរូបបេះដូងបត់ជាក្រដាសពណ៌ចម្រុះ ចំនួន ៣លាន ៩១ម៉ឺន ៧ពាន់ ៨០៥បេះដូង ដែលការចូលរួមបត់រួមគ្នាពីប្រជាពលរដ្ឋ, សិស្សានុសិស្ស, និងយុវជនជាច្រើន ដែលបានរៀបចំធ្វើជាសួនដែលមានសណ្ឋានជារូបបេះដូង ក្នុងតំបន់បរិវេណប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប។
ការចាប់ផ្តើមរាប់ចំនួនបេះដូងក្នុងសួននេះ បានធ្វើនាវេលារសៀលថ្ងៃទី១១ មេសា នៅមុខការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ ដែលជាការបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាព របស់ប្រជាជនកម្ពុជា និងដើម្បីការបំបែកកំណត់ត្រាពិភពលោក នៃចំនួន «បេះដូងច្រើនជាងគេលើពិភពលោក»។
មន្ត្រីអង្គការ World Guinness Records លោកស្រីតូម៉ាមី សេគីយូកា បានប្រកាសយ៉ាងនេះ នៅចំពោះមុខប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី និងក្រុមការងារក្រោយការរាប់នូវចំនួនបេះដូងក្នុងសួនដែលរៀបចំ។
កំណត់ត្រាថ្មីដែលកម្ពុជាបំបែកនេះ គឺច្រើនជាងចំនួនបេះដូង ដែលប្រទេសអង់គ្លេសធ្លាប់បានបំបែកកាលពីឆ្នាំ២០១៩កន្លងមក ដែលមានចំនួន ៥ម៉ឺន ៣ពាន់ ៧០៤បេះដូង។
បេក្ខជននៃអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ មេសានេះ បានថ្លែងកោតសរសើរកិច្ចប្រឹងប្រែងរបស់ក្រុមយុវជន ដែលបានរៀបចំ «សួនបេះដូង» នាបរិវេណប្រាសាទអង្គរវត្ត ដើម្បីការបំបែកកំណត់ត្រាពិភពលោកថ្មីមួយថែមទៀតរបស់កម្ពុជា។
បណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរតាមបណ្តាញសង្គមបញ្ជាក់ថា «សូមកោតសរសើរ ចំពោះការខិតខំរៀបចំរបស់ក្រុមការងារ និងយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមរៀបចំយ៉ាងសកម្ម ចំពោះការរៀបចំបេះដូង ដើម្បីលើកកម្ពស់កិត្តិនាម របស់ជាតិយើង»។
កម្ពុជាកន្លងមកនេះ បានទទួលជោគជ័យ នៃការបំបែកកំណត់ត្រាពិភពលោក លើស្នាដៃមួយចំនួនមកហើយ ដូចជា «ការធ្វើនំអន្សមយក្ខ» ដែលធំ និងធ្ងន់ជាងគេ ទម្ងន់ជាង៤តោន, ការរាំចង្វាក់ Madison ក្នុងឆ្នាំ២០១៥ ដែលមានចំនួនមនុស្សច្រើនជាងគេ, ការត្បាញក្រមាដែលវែងជាគេបំផុតប្រវែង ១ពាន់ ១៤៩ម៉ែត្រ និង៨តឹក, ទូកងវែងជាគេបំផុត ប្រវែង ៨៧ម៉ែត្រ ៣តឹក និងការបំបែកឯកទ្ទកម្មចុងក្រោយមួយទៀតគឺការសម្តែងសៀក ដែលមានរយៈពេលវែងដល់២៤ ម៉ោង១០នាទី និង៣០វិនាទី ដែលគ្មានអ្នកណាអាចធ្វើបានឡើយក្នុងសកលលោកនេះ ។