គណនិកាយព្រះពុទ្ធសាសនាទាំងពីរគណរួមជាមួយក្រសួងធម្មការ និងសាសនា ប្រារព្ធទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា

ភ្នំពេញ ៖ ដើម្បីរំលឹកនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានទទួលនូវព្រះរាជបរមងាជា ព្រះស្រីលោកធម្មិករាជ នៅទីក្រុងគូបេ ប្រទេសជប៉ុន កាលពីឆ្នាំ២០១៤កន្លងទៅ ហើយក៏ជាថ្ងៃដែលប្រទេស អ្នកគោរពព្រះពុទ្ធសាសនានៅលើសាកលលោកទាំង ៥១ប្រទេសបានកំណត់យកថ្ងៃ ៨មេសា ទុកជា ភស្តុតាងយ៉ាងប្រត្យក្សមួយ ដើម្បីលើកព្រះរាជសកម្មភាពរបស់ព្រះករុណាព្រះមហាក្សត្រដែលទ្រង់បាន បំពេញចំពោះជាតិ មាតុភូមិ និងព្រះពុទ្ធសាសនាដ៏ល្អផូរផង់ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ គណៈនិកាយព្រះពុទ្ធសាសនាទាំងពីរគណៈរួមជាមួយក្រសួងធម្មការ និងសាសនា ប្រារព្ធ ទិវា ពុទ្ធ សាសនា អន្តរជាតិ ៨ មេសា ក្រោមប្រធានបទ «សាមគ្គីភាពព្រះ ពុទ្ធសាសនាដើម្បីសន្តិភាពពិភព លោក»។

ក្នុងកម្មវិធីដ៏មានអត្ថន័យនោះ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះរាជតំណាងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និង ព្រះធម្មមង្គលមុនី ហង្ស សាវី ព្រះរាជតំណាង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានឡើងអានព្រះរាជសារដោយសង្កត់ធ្ងន់ថា ការប្រារព្ធទិវានេះ គឺជាការចូលរួមចំណែកនូវការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញ បទ ពិសោធន៍ បច្ចេកទេស ទេពកោសល្យ វប្បធម៌ ចរិយាធម៌ ក្នុងព្រះពុទ្ធសាសនាក៏ដូចជាការក្រើនរំ លឹកបំផុសស្មារតី និងមនសិការដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវបព្វជិត យុវពុទ្ធសាសនិក ដែលជាទំពាំងស្នងឬស្សី មានកាតព្វកិច្ច ថែរក្សាការពារ ទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យបានគង់វង្ស និងរួមចំណែកដល់ ការអភិវឌ្ឍជាតិមាតុភូមិទាំងមូល។

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ទូលប្រគេនថា ការប្រារព្ធពិធីក្រោម ប្រធានបទ សាមគ្គីភាពព្រះពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោកគឺព្រះពុទ្ធសាសនាបានរួមចំណែកក្នុងការអប់រំមនុស្ស ឱ្យស្រលាញ់សន្តិភាព និងការអភិវឌ្ឍ ព្រមទាំងឱ្យចេះស្រលាញ់រាប់អានគោរពគ្នាទៅវិញទៅមក ឱ្យមានព្រហ្មវិហារធម៌ និងបណ្តុះនូវសង្គហធម៌សម្រាប់មនុស្សគ្រប់រូប ជាពិសេសព្រះពុទ្ធសាសនា បានបង្ហាញនូវ មាគារ៌ដ៏ត្រឹម ត្រូវដើម្បី ឱ្យ មនុស្សជាតិទូទៅយកទៅអនុវត្តឱ្យក្លាយជាសាកលលោកមួយប្រកប ដោយសុខសន្តិភាព និងសុខដុមរមនាជានិរន្តរ៍ ដែលជាតម្លៃដ៏ប្រត្យក្សពុំអាចកាត់ថ្លៃបាន។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យតម្លៃដល់សន្តិភាព សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ សន្តិភាពគឺជាអ្វីៗដែលស្រស់ស្រាយបំផុត សន្តិភាពផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សជាតិគ្រប់ៗរូប គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ។

ក្រសួងធម្មការ និងសាសនា បានណែនាំដល់ព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធសាសនិកគ្រប់រូប ក៏ដូចប្រជាពលរដ្ឋទូទៅ សូមព្រះមេត្តា មេត្តាចងចាំថាថ្ងៃ៨មេសា ជាទិវាពុទ្ធសាសនាអន្តរជាតិ និងសូមឱ្យមានការរៀបចំពិធី សាសនា នៅតាមវត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានគ្រប់ទីកន្លែងជារៀងរាល់ឆ្នាំ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner