អង្គរសង្រ្កាន្តពលរដ្ឋបង្ហាញក្តីសប្បាយរីករាយ និងចង់ឱ្យព្រឹត្តិការណ៍នេះមានជារៀងរាល់ឆ្នាំ

ខេត្តសៀមរាប៖ ពលរដ្ឋដែលបានដើរលេងកម្សាន្តសង្រ្កាន្តឆ្នាំថ្មីពិសេសក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងទឹកដីខេត្តសៀមរាបមានការជក់ចិត្ត និងដក់ជាប់ក្នុងអារម្មណ៍ជាមួយក្តីសប្បាយរីករាយមិនអាចបំភ្លេចបានទាំងនេះចង់ឱ្យមានព្រឹត្តិការណ៍បែបនេះបន្តទៀតដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលរដ្ឋខ្មែរក្នុងការជួបជុំ ក៏ដូចជាជំរុញវិស័យទេសចរជាតិ និងអន្តរជាតិមកកម្សាន្តប្រទេសកម្ពុជា។

ព្រឹត្តការណ៍អង្គរសង្រ្កាន្ត បាននាំមកនូវសម្បត្តិវប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃបុព្វបុរសខ្មែរសម្រាប់សម្តែងលើទឹកដីអង្គរនៃតំបន់ឧទ្យានអង្គរ។សម្រាប់ព្រឹត្តការណ៍នេះ ក៏ប្រារព្ធឡើងស្របគ្នាជាមួយគម្រប់ខួប ១០ឆ្នាំរបស់អង្គរសង្រ្កាន្ត ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម»។

តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរមិនថាពលរដ្ឋកម្ពុជា សូម្បីតែជនជាតិបរទេសក៏បានចូលរួមកម្សាន្តសប្បាយរីករាយជាមួយនឹងភាពចម្រុះដែលមានទាំងការសម្តែងសិល្បៈ វប្បធម៌ កីឡា ល្បែងប្រជាប្រិយ របស់ខ្មែរ ការប្រគុំតន្រ្តី និងពិសេសតំបន់ប្រសាទដ៏អច្ឆរិយរបស់ដូនតាខ្មែរក្នុងទឹកដីខេត្តសៀមរាបតែម្តង ។

លោក ចៅ ថាយ ដែលមកពីរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ថា លោកមកកម្សាន្តនៅខេត្តសៀមរាបនេះពិតជាទទួលនូវអារម្មណ៍ប្លែក និងមានក្តីសប្បាយរីករាយជាខ្លាំងដោយសារការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តមានភាពអធិកអធម ហើយប្រកបដោយភាពចម្រុះបែបធ្វើឱ្យការដើរកម្សាន្តមិនចេះនឿយហត់សោះឡើយ បើទោះបីអាកាសធាតុក្តៅបែបណាក្តី។ជាមួយគ្នានេះលោកចង់ឱ្យមានព្រឹត្តិការណ៍បែបនេះជារៀងរាល់ឆ្នាំបន្តទៀត ។

អ្នកស្រី ឈឹម ថារី ដែលបានមកដើរកម្សាន្តនៅតំបន់ប្រាសាទអង្គរវត្តបានបញ្ជាក់ប្រាប់ថាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កានពិតជាផ្តល់នូវក្តីក្តីរំភើបជាមួយការសម្តែងសិល្បៈជាច្រើនរបស់ខ្មែរដូចជា ល្បែងប្រជាប្រិយ ប្រគុំតន្រ្តី រាំ របាំត្រុដិ បោះអង្គុញ ចោលឈូង លាក់កន្សែងជាដើម។

ទាក់ទិនក្នុងរឿងនេះដែរ លោក ឱម ករុណា ដែលបានធ្វើដំណើរកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តថ្ងៃទី ២ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២៩២៣បានបញ្ជាក់ប្រាប់ថាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កានបានពាំនាំមាំនូវល្បែងកម្សាន្ត ការសម្តែងសិល្បៈច្រើនយ៉ាងណាស់ធ្វើឱ្យអ្នកដែលមកកម្សាន្តមានក្តីសប្បាយរីករាយនិងព្រមទាំងជាប់ចិត្តជាខ្លាំង។

ដោយឡែក លោក វឹងយ៉េន អ្នករស់នៅស្រុកសង្កែ ខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់ថាលោកធ្វើដំណើរមកតាមផ្លូវឃើញពលរដ្ឋលេងល្បែងប្រជាប្រិយ លេងជះទឹក ប៉ាតម្សៅ និងពិសេសមកដល់កន្លែងអង្គរសង្រ្កាន្តធ្វើឱ្យមានក្តីសប្បាយរីករាយរកអ្វីប្រៀបផ្ទឹមពុំបាន។

ក្នុងដំណើរលើកដំបូងនៃជីវិតមកដល់ប្រាសាទអង្គរវត្តលោកពិតជាស្ញប់ស្ងែងដល់ស្ថានដៃដូនតាខ្មែរខ្លាំងណាស់។ក្រៅពីដើរមើលប្រាសាទលោកក៏នឹងដើមកម្សាន្តក្នុងការព្រឹត្តិការណ៍អង្គរសង្រ្កានថែមទៀត ធ្វើឱ្យលោកទទួលអារម្មណ៍សប្បាយរីករាយរកអ្វីប្រៀបផ្ទឹមពុំបាន។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់រយៈពេល០៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីថ្ងៃទី១៤-១៦ ខែ មេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ-ភ្ញៀវទេសចរបរទេស និងប្អូនប្រជាពលរដ្ឋដើរកម្សាន្តមានចំនួនប្រមាណ ២ ១២០ ៣៧៣នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២ ១០៧០០០នាក់ ដែលក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ១ ៧៥០០០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួនប្រមាណ ៣៨ ០០០នាក់, តំបន់ទន្លេសាបមានចំនួនប្រមាណ ២៤ ០០០នាក់, សហគមន៍ទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗមានចំនួនប្រមាណ ២៩៥ ០០០នាក់, ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៣ ៣៧៣នាក់ ។

សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ អ្វីដែលកាន់តែពិសេសនោះ គឺការការបំបែកឯតទគ្គកម្មពិភពលោកចំនួន២ គឺការបំបែកឯតទគ្គកម្ម នៃការបត់បេះដូង ដែលមានរហូតដល់ ៣ ៩១៧ ៨០៥បេះដូង, ការបំបែកកំណត់ត្រារាំម៉ាឌីហ្សុនប្រមាណ ៤ ៩៩៩នាក់ទៀតផង ៕


អត្ថបទ៖លោក ជិនម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner