​មួកស្លឹកត្នោតខ្មែរនៅតែពេញនិយម

ខេត្តសៀមរាប៖ មួកស្លឹកត្នោតជាកេរស្នាដៃដូនតាខ្មែរយើងចេះច្នៃធ្វើពីស្លឹកត្នោតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដើម្បីបិទបាំងកំដៅថ្ងៃអស់កាលដ៏យូរលង់មកហើយ។ មួកស្លឹកត្នោត នេះក៏ត្រូវបានគេចាត់ទុកជាអត្តសញ្ញាណជាតិរបស់ខ្មែរផងដែរ។

បច្ចុប្បន្នបើទោះបីមានមួកជាច្រើនប្រភេទចូលមកជំនួស ប៉ុន្តែមួយស្លឹកត្នោតរបស់ខ្មែរដែលជារបស់កែច្នៃចេញមកពីធម្មជាតិត្រូវបានគេនិយមប្រើប្រាស់ផងដែរពិសេសតំបន់ទេសចរណ៍ក្នុងទឹកដីខេត្តសៀមរាប។

ជាមួយគ្នានេះនៅក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី២០២៣នេះគេឃើញនៅតាមតំបន់ទេសចរណ៍ជាច្រើន និងនៅតាមភូមិមួយចំនួនក្នុងទឹកដីខេត្តសៀមរាប ក៏មានដាក់លក់មួកស្លឹកត្នោតសម្រាប់ភ្ញៀវទេសចរផងដែរ ។

ស្រ្តីមួយរូបមានឈ្មោះ ហុង សុគាន់ ដែលកំពុងដើរលក់មួកស្លឹកត្នោតខ្មែរ នៅខាងជើងប្រាសាទបាយ័នក្នុងសង្រ្កាន្តឆ្នាំថ្មី២០២៣នេះ បានប្រាប់ឱ្យដឹងថា មានភ្ញៀវទេសចរទាំងខ្មែរ និង បរទេសចូលចិត្តទិញមួកស្លឹកត្នោតខ្មែរសម្រាប់ពាក់ណាស់ដែរ ។ ក្រុមអ្នកទេសចរពាក់មួកខ្មែរដើម្បីបង្ហាញពីផលិតផលកេរដូនតាខ្មែរ និងការស្រឡាញ់ចូលចិត្ត ធម្មជាតិ។

ស្រ្តីវ័យជាង៥០ឆ្នាំរស់នៅខេត្តសៀមរាបរូបនេះបានប្រាប់ឱ្យដឹងផងថា”ខ្ញុំរៀងរាល់បុណ្យធំៗដូចជាចូលឆ្នាំថ្មី ភ្នុំបិណ្យតែងលក់មួកស្លឹកត្នោតខ្មែរព្រោះថា លក់ដាច់ ហើយគេចូលចិត្តពាក់ដើម្បីថតរូបឬបាំងកំដៅថ្ងៃ”។

អ្នកស្រី ហុង សុគាន់ បានប្រាប់ឱ្យដឹងបន្ថែមថា មួកខ្មែរមានតម្លៃមិនដល់ ១០០០០រៀលទេ ទោះមិនប្រើជាប់បានយូរដូចមួកដទៃ តែវាត្រូវបានក្រុមទេសចរស្រឡាញ់ ចូលចិត្តទិញ ។ ក្នុងមួយរដូវចូលឆ្នាំខ្មែរអ្នកស្រីអាចលក់ចាប់ពី ៣០០ដល់ជិត ៦០០មួកផងដែរ។សម្រាប់ការរកប្រាក់កម្រៃក្នុងមួយរដូវកាលនេះគឺគ្រាន់ដោះស្រាយជីវភាពគ្រួសារអ្នកស្រី។

គួរបញ្ជាក់ថា ក្នុងអង្គរសង្រ្កាន្តគេឃើញមានការដាក់តាំងបង្ហាញមួកស្លឹកត្នោតខ្មែរផងដែរនៅក្នុងពិព័រណ៍”ភូមិខ្ញុំ”ដែលមានដាក់តាំងបង្ហាញជានិម្មិតរូបមួកស្លឹកត្នោតដ៏ធំមួយ ។ ក្រៅពីនេះក៏មានដាក់តាំងបង្ហាញមួកស្លឹកត្នោតខ្មែរសម្រាប់ទុកឱ្យអ្នកទេសចរថតរូបជាអនុស្សាវរីយ៍ថែមទៀតផង ៕
អត្ថបទ៖លោកជិនម៉ាដេប៉ូ
រូបភាព៖ លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner