កម្ពុជាស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍លឿនបំផុតទាំង ១៦ របស់ពិភពលោកក្នុងឆ្នាំ ២០២៣
ភ្នំពេញ៖ គេហទំព័រអន្តរជាតិ Yahoo finance បានចេញផ្សាយអត្ថបទមួយដែលបង្ហាញឱ្យដឹងពីប្រទេសទាំង ១៦ ដែលមានការអភិវឌ្ឍន៍លឿនបំផុតលើពិភពលោក ក្នុងនោះប្រទេសកម្ពុជាបានឈរនៅលេខរៀងទី១៤ ដោយកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៥.៨ភាគរយក្នុងឆ្នាំ ២០២៣នេះ។
ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា មានទំហំទឹកប្រាក់ ២៦.៩៦ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ហើយបានឈានដល់ទឹកប្រាក់ ៧៥ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ ២០២២។ តួលេខនេះ បានបង្ហាញពីសញ្ញានៃការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ក្នុងនោះកត្តាជំរុញមានដូចជាការផលិត និងការនាំចេញទំនិញកសិកម្ម កំពុងស្ទុះងើបឡើងវិញយ៉ាងពេញលេញ។

នៅឆ្នាំ ២០២២ សេដ្ឋកិច្ចពិភពលោកបានប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើន រួមទាំងជំងឺរាតត្បាតកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែនដែលនាំឱ្យមានវិបត្តិស្បៀងអាហារ និងថាមពល, អតិផរណាហក់ឡើងខ្ពស់, ការរឹតបន្តឹងបំណុល និងគ្រាអាសន្នផ្នែកអាកាសធាតុជាដើម។
បញ្ហាប្រឈមទាំងនេះបានប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដោយសារតែប្រទេសទាំងនោះ ពឹងផ្អែកលើឥណទានសកលដែលមានតម្លៃធូរថ្លៃ ដើម្បីរីកចម្រើន។
ទោះបីជាយ៉ាងនេះក្តី ប្រទេសជាច្រើនបានបោះជំហានយ៉ាងស្វាហាប់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ហើយប្រទេសខ្លះថែមទាំងបានលេចចេញជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទៀតផង។ នៅក្នុងអត្ថបទនេះ យើងនឹងពិភាក្សាអំពីប្រទេសដែលមានការអភិវឌ្ឍន៍លឿនបំផុតទាំង ១៦ នៅលើពិភពលោក និងស្វែងយល់ពីហេតុផលនៅពីក្រោយកំណើនដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសទាំងអស់នោះ។

និន្នាការសំខាន់មួយដែលត្រូវសង្កេតឃើញ នោះគឺថាប្រទេសកំពុងអភិវឌ្ឍន៍លឿនបំផុតជាច្រើននៅលើពិភពលោក មានទីតាំងនៅអាស៊ី និងអាហ្រ្វិក។ នេះជារឿងមិនគួរឱ្យភ្ញាក់ផ្អើលទេ ដោយសារតែតំបន់ទាំងនេះបានជួបប្រទះនឹងកំណើនប្រជាជន និងនគរូបនីយកម្មដ៏សំខាន់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។
ជាឧទាហរណ៍ នៅឆ្នាំ ២០២១ ឥណ្ឌាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍន៍លឿនបំផុតនៅអាស៊ី។
ទោះបីជាមានបញ្ហាប្រឈមដោយសារជំងឺរាតត្បាតកូវីដ១៩ក៏ដោយ ក៏សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានស្ទុះងើបឡើងវិញនៅក្នុងឆ្នាំ ២០២៣នេះ ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៨.៧ភាគរយ សម្រាប់ឆ្នាំសារពើពន្ធ ២០២១-២០២២។ ប្រទេសឥណ្ឌាបានអនុវត្តវិធានការ ដើម្បីស្រូបទាញការវិនិយោគពីបរទេស មានដូចជាការបន្ធូរបន្ថយការរឹតបន្តឹងលើការវិនិយោគពីបរទេសនៅក្នុងវិស័យផ្សេងៗ និងការចាប់ផ្តើមគំនិតផ្តួចផ្តើមដូចជា “Make in India” ដើម្បីលើកកម្ពស់ការផលិត និងការនាំចេញក្នុងស្រុក។

បន្ថែមលើនេះ ប្រទេសជាច្រើនដែលស្ថិតនៅក្នុងបញ្ជីប្រទេសកំពុងអភិវឌ្ឍន៍លឿនបំផុតនៅលើពិភពលោក បានធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ពួកគេ និងកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើវិស័យតែមួយ ក្នុងនោះមានដូចជាប្រទេសចិន និងឥណ្ឌា ដែលបានធ្វើពិពិធកម្មផ្នែកផលិតកម្ម និងសេវាកម្មតាមខ្នាតរៀងៗខ្លួន៕ ប្រភព៖ Yahoo Finance ប្រែសម្រួលដោយ៖ ឈឹម ទីណា