ប្រធានក្រុមប្រឹក្សាវេទិកាសន្តិភាពនៃកម្ពុជា៖ ប្រជាពលរដ្ឋជាង១៣លាននាក់នាំគ្នាចូលរួមព្រឹត្តិការណ៍សង្ក្រាន្តទូទាំងប្រទេសដោយសប្បាយរីករាយក្រោមម្លប់សន្តិភាព
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាវេទិកាសន្តិភាពនៃកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានបញ្ជាក់ថា ប្រជាពលរដ្ឋជាង១៣លាននាក់ នាំគ្នាធ្វើដំណើរកម្សាន្ត និងចូលរួមព្រឹត្តិការណ៍សង្ក្រាន្តទូទាំងប្រទេសដោយសប្បាយរីករាយ។ ពិសេសបំផុតសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកពេលពេលវេលាចូលរួមលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តជាមួយប្រជាពលរដ្ឋយ៉ាងសាមញ្ញ និងស្និទ្ធស្នាលជាមួយជនរួមជាតិដោយមិនប្រកាន់ឋានៈ។
លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាវេទិកាសន្តិនៃកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានធ្វើការកត់សម្គាល់ចំពោះភាពសប្បាយរីករាយនៅទូទាំងប្រទេសនេះថា បានកើតឡើងដោយសារកត្តាជាច្រើន ក្នុងនោះ ប្រទេសមានសុខ សន្តិភាព ប្រជាពលរដ្ឋរស់ក្រោមម្លប់សន្តិភាព បានក្រេបរសជាតិសន្តិភាពពិតប្រាកដ ភូមិ ស្រុកមានសុវត្ថិភាព។ ប្រជាពលរដ្ឋមានទំនុកចិត្តជឿជាក់លើវិធានការពារ សុខមាលភាពសាធារណៈរបស់រាជរដ្ឋាភិបាល ដោយសារគោលនយោបាយវ៉ាក់សាំងកូវីដ-១៩។

ភាពល្អប្រសើរនៃហេដ្ឋារចនាសម្ព័ន្ធល្អ មានស្ពាន ផ្លូវជាតិ ផ្លូវល្បឿនលឿន ផ្លូវខេត្ត ផ្លូវជនបទតាមស្រុក ឃុំ ភ្ជាប់ទៅភូមិ ទៅវត្ត និងទីកន្លែងកម្សាន្តរមណីយដ្ឋាននានា និងមានអ្នកធ្វើដំណើរក៏ដូចជាអ្នកលក់ដូរអាហារ មានមិនដាច់នៅតាមផ្លូវ។ ប្រព័ន្ធទូរគមនាគមន៍ សេវាទូរសព្ទ និងអ៊ីនធឺណិត មានគ្របដណ្តប់ស្ទើរពេញផ្ទៃប្រទេស ពិសេសតាមទីវត្តអារ៉ាម កន្លែងកម្សាន្ត និងរមណីយដ្ឋាននានា ធ្វើឱ្យទេសចរក្នុងស្រុកងាយស្រួលទំនាក់ទំនងគ្នា និងការតាមបណ្តាញសង្គម ទាំងនេះក៏ជាចំណែកមួយនៃវត្តមានដ៏កុះករក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះដែរ។
លោក សេរីរដ្ឋា បានបញ្ជាក់បន្ថែមដោយកត់សម្គាល់លើ សេវាហូបចុក ថ្លៃម្ហូបអាហារ គ្រឿងភេសជ្ជៈគ្រប់មុខ រក្សាបាននូវតម្លៃសមរម្យ មិនឡើងថ្លៃ ហើយអ្នកលក់ដូរតាមដងផ្លូវ កន្លែងកម្សាន្តនានា យល់ដឹងពីអនាម័យ និងចម្អិនមានរសជាតិឆ្ងាញ់។ រាជរដ្ឋាភិបាល អាចរក្សាបាននូវតម្លៃប្រេងសាំង មិនឱ្យលោតឡើងថ្លៃដូចបណ្តាប្រទេសមួយចំនួន ជាហេតុនាំឱ្យអ្នកធ្វើដំណើរមិនសូវចំណាយច្រើនលើប្រេងសាំង។ ទន្ទឹមនេះរាជរដ្ឋាភិបាលបានសម្រួលផ្តល់ជូននូវការធ្វើដំណើរឥតគិតថ្លៃតាមរថយន្តក្រុងរបស់រដ្ឋ ពីរាជធានីភ្នំពេញ ចេញទៅគ្រប់ខេត្ត ដែល ជាការរួមចំណែកការបន្ថយចំណាយយ៉ាងច្រើនជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ក្នុងការធ្វើដំណើរ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ជាចុងក្រោយថា ជាពិសេសបំផុតប្រមុខដឹកនាំរាជរដ្ឋាភិបាលគឺ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកពេលពេលវេលាចូលរួមលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្ត ជាមួយប្រជាពលរដ្ឋយ៉ាងមានភាពស្និទ្ធស្នាលសប្បាយរីករាយជាមួយជនរួមជាតិយ៉ាងសមញ្ញដោយមិនប្រកាន់ឋានៈ។
លោកបញ្ជាក់ថា ចំណុចទាំងអស់នេះហើយ ជាកាត្តាធ្វើឱ្យសង្ក្រាន្តឆ្នាំ២០២៣ នេះប្រារព្ធដោយជោគជ័យ សប្បាយរីករាយនៅទូទាំងប្រទេស និងពិសេសនៅតាមអារ៉ាម ភូមិស្រុកខ្លះ បាននៅបន្តលេងលើសពី៣ថ្ងៃ មិនទាន់ចប់នៅឡើយ គិតត្រឹមថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ