រដ្ឋសភាត្រៀមបើកកិច្ចប្រជុំរកការអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម តាមព្រំដែនរវាងកម្ពុជា និងវៀតណាម (Video Inside)
ការពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម នឹងត្រូវលើកយកមកធ្វើការដេញដោល ដើម្បីរកការអនុម័តវេលាថ្ងៃទី១៩ មេសានេះ ក្នុងសម័យប្រជុំរដ្ឋសភាពេញអង្គ។
មន្ត្រីរដ្ឋសភាបានថ្លែងថា សម័យប្រជុំរដ្ឋសភាវេលាថ្ងៃពុធ ទី១៩ មេសា នឹងមានផ្តោតលើបញ្ហាធំចំនួន៣ ក្នុងនោះគឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្ដីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងមុននេះថា គោលបំណងសំខាន់ នៃកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំង២ រួមមាន ការបង្កើតក្របខណ្ឌគតិយុត្តិ និងលក្ខខណ្ឌអនុគ្រោះដល់ការធ្វើពាណិជ្ជកម្ម នៃប្រទេសទាំងពីរ, ការធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ រស់នៅតាមព្រំដែន នៃប្រទេសទាំងពីរ, ការពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ និងការបង្កើតការតភ្ជាប់ការអភិវឌ្ឍយូរអង្វែង មានស្ថិរភាព និងនិរន្តរភាព សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាម គិតត្រឹមឆ្នាំ២០២២ បានកើនឡើងដល់៥ពាន់ ៣៣០លាន ដុល្លារ បើទោះបីប្រទេសទាំង២បានប្រឈមនឹងជម្ងឺឆ្លងកូវីដ១៩។ យោងតាមក្រសួងការបរទេស, ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម បានកើនដល់១ម៉ឺន ៥៧០លាន ដុល្លារក្នុងឆ្នាំ២០២២ ដែលកើន១០កណ្តក់សញ្ញា ៨៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១។