កម្ពុជាទទួលរ៉ាប់រងការហូបចុកស្នាក់នៅប្រតិភូកីឡាចូលរួមទាំងអស់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (Video Inside)
កម្ពុជាគឺជាប្រទេសដំបូងគេហើយ ដែលមិនតម្រូវឱ្យប្រទេសចូលរួមត្រូវបង់ថ្លៃសម្រាប់ចូលរួមការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឡើយ។
មន្ត្រីកីឡាបានថ្លែងថា ការមិនតម្រូវឱ្យប្រទេសចូលរួមបង់ថ្លៃនេះ គឺដើម្បីផ្តល់ភាពកក់ក្តៅបន្ថែមទៀតដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ខណៈកម្ពុជានឹងត្រូវជួយចំណាយប្រតិភូកីឡាចួលរួមនូវការស្នាក់នៅ និងហូបចុកក្នុងម្នាក់ៗចំនួន៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះឡើយ។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក លោក វ៉ាត់ ចំរើន នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅក្រោយកិច្ចប្រជុំពិសេសមួយក្រោមវត្តមាន សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា ក្រោមអនុសាសន៍ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ក្រោមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺប្រតិភូកីឡាមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ នឹងមិនបង់ថ្លៃចំនួន៥០ដុល្លារ ក្នុងម្នាក់ៗ ក្នុង១ថ្ងៃៗ ដល់ម្ចាស់ផ្ទះកម្ពុជានោះទេ។
លោក វ៉ាត់ ចំរើន បានចាត់ទុកការមិនទទួលយកប្រាក់កម្រៃ ឬថ្លៃសេវារបស់ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅនោះថាជាការសម្រេចចិត្តដ៏វិសេសវិសាលមួយ និងមិនធ្លាប់មានក្នុងប្រវត្តិស៊ីហ្គេមនោះឡើយ។ លោកបានបញ្ជាក់ថាក្នុងនាមជាម្ចាស់ផ្ទះ គណៈកម្មាធិការអូឡាំពិកកម្ពុជា នឹងគោរពនូវការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានបញ្ជាក់ប្រាប់ទៅជូនរួមជាតិកម្ពុជាដែរថា ការចូលទស្សនាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ក្នុងប្រទេសកម្ពុជា ក៏នឹងមិនមានលក់សំបុត្រចូលរួមទស្សនា និងសិទ្ធិផ្សាយក្នុងព្រឹត្តិការណ៍នោះក៏នឹងមិនមានការលក់ផងដែរ។
កីឡាស៊ីហ្គេម២០២៣ នឹងចាប់ដំណើរការពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈអាស៊ានប៉ារ៉ាហ្គេម ដំណើរការពីថ្ងៃទី០៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕