ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែមេសា (Video Inside)
បាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានថែមទៀត ក្នុងសប្ដាហ៍ទៅមុខនេះ ខណៈកម្ពុជាបានបន្តទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយ ទៅមធ្យម គួបផ្សំនឹងខ្យល់ប្រែប្រួល។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ពីថ្ងៃទី១៩ រហូត ដល់ថ្ងៃទី២៥ ខែមេសា នៅតំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពកម្តៅអប្បបរមារវាងពី ២៥ទៅ ២៧ អង្សាសេ, សីតុណ្ហភាពកម្តៅអតិបរមា មានរវាងពី៣៧ទៅ៣៩អង្សាសេ។ យោងតាមការព្យាករណ៍ នៅតំបន់ទំនាបកណ្ដាលនេះ អាចមានភ្លៀងក្នុងកម្រិតពី ខ្សោយទៅតិចតួច ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី ២៥ ទៅ ២៧ អង្សាសេ, សីតុណ្ហភាពអតិបរមា មានរវាងពី ៣៦ ទៅ៣៨ អង្សាសេ។ យោងតាមការព្យាករណ៍ នៅតំបន់ខ្ពង់រាបនេះ អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅតិចតួច ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកនៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី ២៤ទៅ ២៧ អង្សាសេ សីតុណ្ហភាពអតិបរមា មានរវាងពី ៣៣ទៅ ៣៥ អង្សាសេ។ ការព្យាករណ៍នៅតំបន់មាត់សមុទ្រនេះ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹក និងឧតុនិយម បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុនេះផងដែរ។