រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចព្រមព្រៀងពីពាណិជ្ជកម្ម តាមព្រំដែនរវាងកម្ពុជា និងវៀតណាម (Video Inside)
រដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចព្រមព្រៀងពីពាណិជ្ជកម្មតាមព្រំដែន រវាងកម្ពុជា និងវៀតណាម ក្នុងសម័យប្រជុំពេញអង្គមួយនៅថ្ងៃទី១៩ មេសានេះ ក្រោមការអញ្ជើញចូលរួមពីប្រធានរដ្ឋសភាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។
សេចក្តីប្រកាសរបស់រដ្ឋសភា បានថ្លែងថា «សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងចូលរួមចំណែកក្នុងការអនុវត្តនូវ យុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញតាមរយៈការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជា ដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម»។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាម គិតត្រឹមឆ្នាំ២០២០ បានកើនឡើងដល់៥ពាន់ ៣៣០លានដុល្លារ បើទោះបីប្រទេសទាំង២បានប្រឈមនឹងជម្ងឺឆ្លងកូវីដ១៩។ យោងតាមក្រសួងការបរទេស, ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម បានកើនដល់១ម៉ឺន ៥៧០លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលកើន១០កណ្តក់សញ្ញា៨៨ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំរដ្ឋសភាថ្ងៃទី១៩ មេសាដដែលនោះផងដែរ, សេចក្តីព្រាងច្បាប់២ដទៃទៀត គឺសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ និងសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ក៏ត្រូវបានអនុម័តផងដែរ។