ខេត្តក្រចេះ ជូនដំណឹងការបញ្ចៀសចរាចរ ដង្ហែរព្រះអគ្គីជ័យកីឡា (Video Inside)

ខេត្តក្រចេះ បានជូនដំណឹងការបញ្ចៀសទុកជាមុននូវចរាចរណ៍យានយន្តនានាសម្រាប់ថ្ងៃទី២៨ មេសា ដែលមានពិធីដង្ហែរព្រះអគ្គីជ័យកីឡាឆ្លងកាត់ខេត្តភាគឥសានប្រទេសនេះ។ យោងតាមកម្មវិធី, ព្រះអគ្គីជ័យកីឡា នឹងត្រូវដង្ហែរពីប្រទេសឡាវវិលចូលមកកម្ពុជាវិញតាមច្រកស្ទឹងត្រែងនៅថ្ងៃទី២៧ មេសា។

រដ្ឋបាលខេត្តក្រចេះដែលជាប់នឹងខេត្តស្ទឹងត្រែងបានជូនដំណឹងថា ក្បួនដង្ហែព្រះអគ្គីជ័យកីឡា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងធ្វើដំណើរចេញពីសាធារណរដ្ឋប្រជាមានិតឡាវ កាត់តាមខេត្តស្ទឹងត្រែង ឆ្ពោះមកកាន់ទីរួមខេត្តក្រចេះ តាមផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៣ បន្តទៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

ដើម្បីឱ្យក្បួនដង្ហែព្រះអគ្គីជ័យកីឡា ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ ព្រមទាំងបញ្ចៀសនូវការកកស្ទះចរាចរ, រដ្ឋបាលខេត្តក្រចេះ នឹងធ្វើការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៣ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។

រដ្ឋបាលខេត្ត នៅបានជូនដំណឹងជុំវិញផ្លូវដែលត្រូវធ្វើដំណើរវាងថែមទៀត ក្នុងការធ្វើចរាចរណ៍នៅថ្ងៃទី២៨ មេសាខាងមុខនេះ។

ads banner