សម្តេចតេជោប្រកាសការលើកលែងកាតព្វកិច្ចបង្ការកូវីដ១៩ (Video Inside)
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសលើកលែងកាតព្វកិច្ចការពាក់ម៉ាស និងការជួបប្រជុំគ្រប់ប្រភេទ ខណៈការឆ្លងជម្ងឺកូវីដ១៩ លែងឆ្លងសោះប្រមាណ២សប្តាហ៍មកហើយ។
ការប្រកាសលើកលែងកាតព្វកិច្ចនេះ បានធ្វើឡើងតាមរយៈសារសម្លេងមួយរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១៩ មេសា ឆ្នាំ២០២៣ និងធ្វើឡើងខណៈព្រឹត្តិការណ៍ស៊ីហ្គេម ដែលរំពឹងថានឹងមានមនុស្សចូលរួមជាច្រើនម៉ឺនសែននាក់។
ក្រៅពីលើកលែងកាតព្វកិច្ចពាក់ម៉ាស និងការជួបជុំគ្នា សម្តេចតេជោបានមានប្រសាសន៍ជុំវិញ ការលើកលែងកាតព្វកិច្ចធ្វើតេស្តរហ័សថែមទៀត។
សម្តេចបានបញ្ជាក់បន្ថែមថា ប៉ុន្តែបើសិនជាមានការសង្ស័យជាបុគ្គល គឺបុគ្គលនោះអាចធ្វើតេស្តតាមឧបករណ៍តេស្តរហ័សបានដោយខ្លួនឯង ដែលមិនមែនជាកាតព្វកិច្ចនោះឡើយ។
សម្តេចបានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ នៅបានអំពាវនាវពលរដ្ឋ គប្បីបន្តអនាម័យការសម្អាតដៃដោយសាប៊ូ, អាល់កុលឬជេល ជាដើម ដើម្បីរក្សាអនាម័យស្អាតសម្រាប់សុខភាពផ្ទាល់ខ្លួន។
សម្តេចបានដាស់តឿនក្រសួងសុខាភិបាលត្រូវបន្តតាមដាន និងធ្វើការវាយតម្លៃជាប់ជាប្រចាំ លើស្ថានភាពនៃជម្ងឺកូវីដ១៩ ដោយសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងការលើកទឹកចិត្តដល់បុគ្គលណាដែលមានរោគសញ្ញាសង្ស័យ គប្បីប្រកាន់ខ្ជាប់នូវវិធានការ បីការពារ និងបីកុំ និងធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយខ្លួនឯង និងត្រូវតាមដានសុខភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ។
កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងដូសជម្រុញនៅឡើយទេ។ រហូតមកទល់ពេលនេះ កម្ពុជាបានដាក់ចេញការចាក់ដូសជំរុញទី៦ហើយ ចាប់តាំងពីដើមខែមករាដើមឆ្នាំនេះមក។ រហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់ដូសជម្រុញទី៦ បានចំនួន ៣៥ម៉ឺន ៧ពាន់ ៦៨៤នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត ៩៦ភាគរយ។