សម្តេចពិជ័យសេនា ទៀ បាញ់៖ ការបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺពិតជាមានសារៈសំខាន់ក្នុងការរៀបចំនាយទាហានសម្រាប់បន្តវេន

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា ការបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងការបំពាក់ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯកជូនលោកជំទាវ ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នាពេលនេះ គឺពិតជាមានសារៈសំខាន់ដ៏ចាំបាច់ក្នុងការរៀបចំនាយទាហានសម្រាប់បន្តវេនអនាគត ក៏ដូចជារៀបចំស្ត្រីក្នុងវិស័យការពារជាតិ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ជូនឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងបំពាក់ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯកជូនលោកជំទាវ ម៉ាលី សុជាតា កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងក្នុងនាមសម្តេចផ្ទាល់មានសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ដល់នាយទាហាននៃកងយោធពលខេមរភូមិន្ទ។ សូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅក្នុងឱកាសដែលឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកជំទាវ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តម្លើងឋាន្តន្តរស័ក្តិនាយឧត្តមសេនីយ៍ និងប្រគល់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ឯក គឺបង្ហាញពីការខិតខំប្រឹងប្រែងបម្រើជាតិ មាតុភូមិ កងទ័ព និងប្រជាជានកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ឯក នាពេលនេះ គឺពិតជាមានសារៈសំខាន់ដ៏ចាំបាច់ក្នុងការរៀបចំនាយទាហានសម្រាប់បន្តវេនអនាគត ក៏ដូចជារៀបចំស្ត្រីក្នុងវិស័យការពារជាតិ។ ប្រមុខការពារជាតិបានវាយតម្លៃខ្ពស់ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ ដាំ ដារ៉ានី និងឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច បេសកកម្មរបស់ខ្លួនក៏ដូចជាឆន្ទៈទទួលខុសត្រូវ ហើយសម្រេចបាននូវសមទ្ធិផលជាច្រើនគួរឲ្យកត់សម្គាល់នាពេកន្លងមក៕
ដោយ៖ពលជ័យ

ads banner