កម្ពុជា-បារាំង កំពុងជំរុញឱ្យមានកិច្ចសហការលើការនាំចេញ-នាំចូល កសិផល និងទំនិញទ្វេភាគី
ភ្នំពេញ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យភាគីបារាំងបញ្ជូនអ្នកជំនាញពាណិជ្ជកម្មមកធ្វើការសិក្សាពីសក្តានុពលវិស័យកសិកម្មកម្ពុជា ខណៈបច្ចុប្បន្នភាគីទាំងពីរ បើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញឱ្យមានកិច្ចសហការលើការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសបារាំង និងនាំចូលទំនិញរបស់បារាំងមកកាន់កម្ពុជាវិញ។
យោងតាមជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Bertrand Ambroise ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃផ្សារអន្តរជាតិ Rungis និងគណៈប្រតិភូបារាំង កាលរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្តម ឌិត ទីណា បានឱ្យដឹងនៅក្នុងជំនួប នោះថា ភាគីទាំងពីរបានពិភាក្សាគ្នា លើសក្តានុពលវិស័យក សិកម្ម ហើយលោកក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍ទីផ្សារកសិផលកម្ពុជាពីសំណាក់ប្រតិភូបារាំង។ជាមួយគ្នានេះ លោកក៏បានស្នើឱ្យភាគីបារាំងបញ្ជូនអ្នកជំនាញពាណិជ្ជកម្មមកធ្វើការសិក្សាពីសក្តានុពលវិស័យកសិកម្មកម្ពុជានិងធ្វើការជាមួយគ្នា ដើម្បីនាំកសិផលកម្ពុជាចូលទៅកាន់ទីផ្សារបារាំង និងការនាំទំនិញបារាំងមកកម្ពុជាវិញផងដែរ។

ឯកឧត្តមបានឱ្យដឹងទៀតថា៖ « យើងក៏បានលើកឡើងពីការចងក្រងបណ្តុំ ការបង្កើតទីផ្សារកសិផលមួយដែលឆ្លើយតបនឹងតម្រូវការ និងស្តង់ដាទីផ្សារប្រទេសបារាំង ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញច្បាស់លាស់ តាមរយៈអាហារូបករណ៍និងកម្មវិធីផ្លាស់ប្តូរបទពិសោធជាដើម។ ហើយកម្ពុជាមានសាលាជាតិកសិកម្មចំនួន ៣សម្រាប់សហការលើការបណ្តុះធនធានមនុស្សនេះជាដើម»។
ដើម្បីឱ្យការងារទីផ្សារនេះទទួលបានជោគជ័យ លោកបានជំរុញឱ្យក្រុមការងារពាក់ព័ន្ធ ត្រូវស្វែងយល់ពីទស្សនវិស័យទីផ្សារឱ្យបានច្បាស់លាស់ មានយុទ្ធសាស្ត្រ ផែនការពាណិជ្ជកម្មជាក់លាក់ និងស្វែងយល់ពីខ្សែច្រវាក់តម្លៃតាំងពីអ្នកផលិតរហូតទីផ្សារ។
ពាក់ព័ន្ធនឹងការជំរុញទីផ្សារនាំចេញកសិផល និងទំនិញកម្ពុជា-បារាំង កាលពីថ្ងៃទី១៩ ខែមេសានេះដែរ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មឯកឧត្តម ងិន ឆាយ ក៏បានពិភាក្សាការងារជាមួយលោកស្រី Marion Chaminade ទីប្រឹក្សាកសិ-អាហារ ថ្នាក់តំបន់ លោក Emmanuel Ly-Batallan ទីប្រឹក្សាសេដ្ឋកិច្ច និងលោកស្រី តូ ម៉ាលីនដា អនុព័ន្ធនៃការិយាល័យសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា។
ក្នុងជំនួបនោះពិភាក្សា លើចំនុចសំខាន់ៗរួមមាន ការនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំងមកប្រទេសកម្ពុជា ,ការនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅប្រទេសបារាំង និង ៣ការពង្រឹងចំណងនៃកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយប្រទេសបារាំង។
ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានឱ្យដឹងថា ប្រទេសបារាំងមានបំណងនាំចូលផ្លែប៉ោមស្រស់ដែលជាកសិផលរបស់ប្រទេសបារាំងមកប្រទេសកម្ពុជា ខណៈបារាំងក៏បានស្នើសុំឱ្យអគ្គនាយកដ្ឋានកសិកម្ម បង្ហាញអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសកម្ពុជា និងលក្ខខណ្ឌចាំបាច់ផ្សេងទៀតដែលត្រូវបំពេញ ដើម្បីអាចនាំចូលផ្លែប៉ោមស្រស់មកពីប្រទេសបារាំងបាន។

ឆ្លើយតបទៅនឹងសំណើនេះ លោកស្រី Marion Chaminade ទីប្រឹក្សាកសិ-អាហារ ថ្នាក់តំបន់ បានពន្យល់ដែរថា ការនាំចេញកសិផលទៅកាន់ប្រទេសបារាំងគឺដំណើរការតាមនីតិវិធីដូចគ្នាទៅនឹងប្រទេសផ្សេងទៀត ហើយដើម្បីអាចនាំចេញទៅកាន់ទីផ្សារនៅប្រទេសបារាំងបាន កសិផលទាំងនោះត្រូវបំពេញតាមលក្ខខណ្ឌតម្រូវនានាពាក់ព័ន្ធនឹងកម្រិតសំណល់ថ្នាំកសិកម្ម មានវិញ្ញាបនប័ត្រភូតគាមអនាម័យ ដែលមានកិច្ចព្រមព្រៀងច្បាស់លាស់ជាមួយគ្នា។
ពាក់ព័ន្ធនឹងផលិតផល និងកសិផលរបស់ខ្មែរនេះដែរ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិ កាលព្រឹកថ្ងៃទី ២០ ខែមេសា សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញមោទកភាពលើផលិតផលសក្តានុពលសំខាន់ៗរបស់ខ្មែរចំនួន៣ រួមមាន អង្ករខ្មែរ ស្វាយចន្ទី និងម្រេច។ សម្ដេចតេជោថ្លែងថា៖« បច្ចុប្បន្នអង្ករខ្មែរ បាននាំចេញទៅប្រមាណ ៧៣ប្រទេសទូទាំងពិភពលោកយ៉ាងតិច ក្នុងនោះ គ្រាប់ស្វាយចន្ទី កំពុងចេញទៅតាមទីផ្សារអន្តរជាតិនានាដែរ ខណៈផលិតផលផ្សេងទៀតៗ ដូចជាម្រេច
កំពុងក្លាយជាផ្នែកមួយជួយធ្វើពិភពលោកកាន់តែស្គាល់កម្ពុជា កម្ពុជាត្រូវបានគេសឹងនឹងបំភ្លេចចោលទៅហើយ៕
ដោយ:សែម ពិសី