សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា នឹងចំណាយថវិកាជាង ៧លានដុល្លារ ដើម្បីទទួលប្រតិភូកីឡាបរទេស ដែលមកប្រកួតស៊ីហ្គេម នៅកម្ពុជា

ភ្នំពេញ៖ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល នឹងចំណាយថវិកាប្រមាណជាង ៧ លានដុល្លារថែមទៀត ដើម្បីទទួលប្រតិភូកីឡាបរទេស ដែលមកប្រកួតស៊ីហ្គេម នៅកម្ពុជា។

សម្តេចតេជោ បានថ្លែងបន្តថា យើងធ្វើម្ចាស់ផ្ទះ ឆ្នាំនេះ គឺឲ្យចូលទស្សនាអត់គិត ថ្លៃទាំងអស់ អ្នកដែលមកចូលមើល ទាំងបរទេស ទាំងកម្ពុជា។ ខ្មែរលើកនេះ ធ្វើឲ្យគេស្គាល់បេះដូងខ្មែរ ពិតប្រាកដ។ យើងចំណាយប្រមាណជាង ៧ លានដុល្លារថែមទៀត ដើម្បីចិញ្ចឹមកីឡាករ កីឡាការិនីបរទេស ដែលមកប្រកួតនៅ កម្ពុជា ។

សសម្តេចតេជោថា តាមធម្មតា គឺគេយកពីកីឡាករ ៥០ដុល្លារ ក្នុងមួយថ្ងៃ ជាលក្ខន្តិកៈរបស់គេ ពេលដែលកីឡាកររបស់យើង ទៅប្រកួតនៅប្រទេសផ្សេងៗ គឺត្រូវបង់ឲ្យម្ចាស់ផ្ទះ ៥០ដុល្លារក្នុងមួយថ្ងៃ ក៏ប៉ុន្តែយើងអត់ឱ្យបង់ថ្លៃទេ គឺយើងទទួលបន្ទុកចិញ្ចឹមគេ។ ចំណែកអ្នកមកគាំទ្រ គឺសូមរកសណ្ឋាគារស្នាក់នៅ ដោយខ្លួនឯង ។

សម្តេច បានបន្ថែមថា យើងធ្វើឱ្យគេស្គាល់ថា ខ្មែរជាប្រទេសតូច ប៉ុន្តែបេះដូងធំ ទូលាយជាងមហាសមុទ្រទៅទៀត ។

សម្តេចសង្ឃឹមថា ប្រទេសខ្លះ នៅពេល រៀបចំការប្រកួតស៊ីហ្គេម ក្រោយៗទៀត គេអាចគិតឃើញថា ដោយសារតែ កម្ពុជា មិនយកលុយពីកីឡាកររបស់គេដូច្នេះ គេអាចលើកលែង មិនយកលុយ ពីកីឡាករកម្ពុជាយើងវិញ ក៏ថាបាន។ យើងមិនបានបង្ខំគេទេ។ នេះជាសន្ដានចិត្ត ដែលយើងចង់ធ្វើ ព្រោះយើងយកលុយប៉ុណ្ណឹងមក ក៏វាមិនធ្វើឲ្យយើងក្លាយជាអ្នកមានបានដែរ, ហើយបើយើងលក់សំបុត្រ ឱ្យប្រជាពលរដ្ឋ ចូលមើល ក៏វាមិនមិនក្លាយជាអ្នកមានដែរ ។ ផ្ទុយទៅវិញ ដាក់បន្ទុកលើប្រជាពលរដ្ឋ ដែលរង់ចាំអស់រយៈពេល ៦៦ ឆ្នាំរួចមកហើយ ។

សម្តេចតេជោ ក៏បានអំពានាវដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងនៅបណ្ដាខេត្ត ដែលមានទីតាំងប្រកួតកីឡា សូមមេត្តាយោគយល់ដល់ការរៀបចំនានា ដែលអាចមានការស្ទះចរាចរណ៍ខ្លះ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner