បន្ទាប់ពីផ្ទុះរឿងអាស្រូវផ្លូវភេទ៖ លោក លី សុធារ៉ាយុត្តិ លាលែងពីអគ្គលេខាធិការគណបក្សភ្លើងទៀន
ភ្នំពេញៈ បន្ទាប់ពីផ្ទុះរឿងអាស្រូវផ្លូវភេទ និងការប្រើពាក្យអាសអាភាសគ្មានសីលធម៌លើស្ត្រីមួយចំនួនកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក លោកលី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន បានលាលែងតួនាទីពីអគ្គលេខាធិការគណបក្ស។
បន្ទាប់ពីលោក លី សុធារ៉ាយុត្តិ លាលែងពីអគ្គលេខាធិការគណបក្សភ្លើងទៀន គឺ លោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានសម្រេចតែងតាំងលោក គង់ ម៉ូលីកា អគ្គលេខាធិការរង ជាអគ្គលេខាធិការស្តីទី ជំនួសលោកលី សុធារ៉ាយុត្តិ។
ចំណែកលោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បានថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី២៤ ខែមេសានេះថា “លោកលី សុធារ៉ាយុត្តិ បានសុំព្យួរការងារមួយរយៈ ដោយមិនបានបញ្ជាក់អំពីមូលហេតុអ្វីទេ ប៉ុន្តែគាត់រវល់ការងារនៅមូលដ្ឋាន”។

សូមជម្រាបថា នៅលើបណ្តាញព័ត៌មាន និងបណ្តាញសង្គម បានផ្សព្វផ្សាយជាបន្តបន្ទាប់នៅសម្លេងបែកធ្លាយរបស់លោកលី សុធារ៉ាយុត្តិ ដែលល្មោភកាមតណ្ហាមិនចេះស្កប់ស្គល់លួចមានទំនាក់ទំនងជាមួយស្ត្រីមួយចំនួន និងប្រពន្ធរបស់គេ នៅតាមបណ្តាខេត្ត។ ដោយក្នុងសម្លេងបែកធ្លាយអស់ទាំងនោះ គឺលោកលី សុធារ៉ាយុត្តិ បាននិយាយពីអាសអាភាស ចំអេះចំអាសគ្មានសីលធម៌ជាមួយស្ត្រីដែលជាដៃគូរលួចលាក់របស់ខ្លួន និងបានឲ្យដៃគូរទាំងអស់នោះថតរូបរាងកាយអាក្រាតឲ្យខ្លួនមើលថែមទៀតផង។
ទង្វើអសីលធម៌នេះ បានធ្វើឲ្យក្រុមសង្គមស៊ីវិលមួយចំនួន និងគណបក្សនយោបាយ បានរិះគន់យ៉ាងខ្លាំងលោកលោកលី សុធារ៉ាយុត្តិ។
សហភាពអង្គការសង្គមស៊ីវិល បានចេញសេចក្ដីថ្លែងការណ៍ដោយបានចាត់ទុក លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន គឺកំពុងប្រព្រឹត្តទង្វើដ៏ស្មោគគ្រោកដែលខុសយ៉ាងធ្ងន់ធ្ងរលើសីលធម៌សង្គម និងជាអំពើបាបកម្ម។ សហភាពអង្គការសង្គមស៊ីវិលចេញសេចក្ដីថ្លែងការណ៍បែបនេះ គឺបន្ទាប់ពីមានការបែកធ្លាយខ្សែអាត់សំឡេងរបស់លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនដែលពាក់ព័ន្ធក្នុងរឿងអាស្រូវផ្លូវភេទ។
សហភាពអង្គការសង្គមស៊ីវិល បានសម្ដែងការមិនពេញចិត្ត និងបង្ហាញការស្អប់ខ្ពើមបំផុតចំពោះទង្វើរបស់លោក លី សុធារ៉ាយុត្តិ ដែលបានធ្វើនូវទង្វើស្មោគគ្រោក អានាចារ និងអសីលធម៌បែបនេះ។ សហភាពអង្គការសង្គមស៊ីវិល បានចាត់ទុកមន្ត្រីគណបក្សភ្លើងទៀនរូបនេះ គឺមិនសមជាអ្នកនយោបាយខ្មែរឡើយ ហើយគប្បីចាត់វិធានការ និងមានការថ្កោលទោសចំពោះបុគ្គលនេះ។
តាមរយៈសេចក្ដីថ្លែងការណ៍ដដែលនេះ សហភាពអង្គការសង្គមស៊ីវិល បានលើកឡើងថា គណបក្សភ្លើងទៀនប្រហែលជាទាល់ច្រកខ្លាំងដែលរកមនុស្សមកប្រើលែងបាន បែរជាមកប្រើមនុស្សបាតសង្គមល្មោភកាម និងខ្វះសីលធម៌ មកធ្វើជាថ្នាក់ដឹកនាំបក្ស។
សហភាពអង្គការសង្គមស៊ីវិល បានគូសបញ្ជាក់ថា «អំពើអាក្រក់ក្នុងរឿងអាស្រូវផ្លូវភេទដ៏អាក្រក់របស់លោក លី សុធារ៉ាយុត្តិ គឺបានប្រព្រឹត្តខុសយ៉ាងធ្ងន់លើសីលធម៌សង្គមចំនួន៣ចំណុច រួមមាន៖ទី១ បានប្រព្រឹត្តអំពើផិតក្បត់ប្រពន្ធខ្លួនឯង ហើយទៅទាក់ទងជាមួយប្រពន្ធរបស់បុគ្គលដទៃ,ទី២ គឺប្រើពាក្យសម្ដីអសីលធម៌មកលើស្ត្រីដោយប្រមាថមើលងាយ មិនឲ្យតម្លៃស្ត្រីដោយទុកស្ត្រីជាអ្នកបម្រើតណ្ហារបស់ខ្លួន និងទី៣ បុគ្គលនេះបានបង្ខំឲ្យស្ត្រីថតរូបអាក្រាត ដើម្បីឲ្យខ្លួនមើលដែលជាទង្វើថោកទាបប្រមាថមកលើស្រ្តី។សហភាពអង្គការសង្គមស៊ីវិល បានសង្កត់ធ្ងន់ថា ទង្វើរបស់លោក លី សុធារ៉ាយុត្តិ បានធ្វើឲ្យយុវជន និងប្រជាជនខ្មែរ មានសេចក្តីខ្មាស់អៀនយ៉ាងខ្លាំងចំពោះបុព្វបុរសខ្មែរ ដែលមិនគួរណាមានបុគ្គលបែបនេះមកធ្វើជាអ្នកនយោបាយនៅលើទឹកដីដ៏ល្អផូរផង់នេះទេ។ មិនតែប៉ុណ្ណោះ ទង្វើនេះបានបង្កើតវប្បធម៌អ្នកនយោបាយអាក្រក់នៅកម្ពុជាដែលជាគំរូមិនល្អ ហើយក្នុងករណីលោក លី សុធារ៉ាយុត្តិ មានតួនាទីក្នុងជួររដ្ឋាភិបាលនោះនឹងបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរយ៉ាងចំពោះប្រទេសជាតិ។
សហភាពអង្គការសង្គមស៊ីវិល ក៏បានអំពាវដល់បណ្តារអង្គការសមាគមនារី ព្រមទាំងប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសចូលរួមថ្កោលទោលដល់បុគ្គល លី សុធារ៉ាយុត្តិ និងជួយអន្តរាគមន៍ដល់គ្រួសារដែលត្រូវបុគ្គលនេះបំបែកបំបាក់ និងធ្វើឲ្យបាត់បង់កិត្តិយស សេចក្តីសុខ សុភមង្គលក្នុងគ្រួសារផងដែរ៕ ដោយៈ ពលជ័យ