ថ្ងៃបើកឆាកដំបូង៖ គណបក្សចំនួនបួនបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧
ភ្នំពេញៈ នៅថ្ងៃទី២៤ ខែមេសា នេះ គឺជាថ្ងៃបើកឆាកដំបូង នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានគណបក្សនយោបាយចំនួន ៤ បានចុះបញ្ជីនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប)។
លោកសោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី២៤ ខែមេសា នេះថា សម្រាប់ការចុះបញ្ជីគណបក្សនយោបាយ និងចុះបញ្ជីឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅទី១ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ ដែលជាថ្ងៃចុះបញ្ជីដំបូង គ.ជ.ប ទទួលបានការស្នើសុំការចុះបញ្ជីពីគណបក្សនោបាយ គឺមានចំនួន៤ មានដូចជា៖ ១. គណបក្សប្រជាជនកម្ពុជា ២. គណបក្សខ្មែររួមរួមជាតិ ៣. គណបក្សយុវជនកម្ពុជា ៤. គណបក្សធម្មាធិបតេយ្យ។
លោកបានបន្តថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
សូមជម្រាបថា គ.ជ.ប ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ ក្នុងរយៈពេលយ៉ាងយូរ ៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីទទួលបានពាក្យស្នើសុំ៕ ដោយៈ ពលជ័យ



