មន្ត្រីយោធាកម្ពុជា និងចិន ពិភាក្សាត្រៀមរៀបចំសមយុទ្ធការងារផ្នែកមនុស្សធម៌ និងសុខាភិបាល (Video Inside)

មន្ត្រីយោធាកម្ពុជា និងមន្ត្រីកងទ័ពរំដោះប្រជាជនចិន បានជួបពិភាក្សាក្នុងការត្រៀមរៀបចំលំហាត់សមយុទ្ធមួយផ្សេងទៀត ពាក់ព័ន្ធនឹងការងារផ្នែកមនុស្សធម៌ និងសុខាភិបាល។

គូរបញ្ជាក់ថា កម្ពុជា និងចិន បានឯកភាពគ្នារួចមកហើយ ជុំវិញការរៀបចំ «លំហាត់សមយុទ្ធការងារមនុស្សធម៌ផ្នែកសុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព ឆ្នាំ២០២៣ កម្ពុជា និងចិន» ដែលត្រៀមនឹងធ្វើនាពាក់កណ្តាលឆ្នាំ២០២៣។

នៅថ្ងៃទី២៤ មេសា ឆ្នាំ២០២៣នេះ, នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត ដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមការងារបច្ចេកទេសលំហាត់សុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព ឆ្នាំ២០២៣ នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកវរសេនីយ៍ឯកពិសេស ប៊ី គ័ងយៀន ចូលជួបពិភាក្សានូវការរៀបចំគម្រោងការណ៍ សម្រាប់ធ្វើលំហាត់សមយុទ្ធនាពាក់កណ្តាលឆ្នាំនេះ។

លោកវរសេនីយ៍ឯកពិសេស ប៊ីគ័ង យៀន ដែលជាប្រធានមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសុខាភិបាលយោធាអគ្គនាយកដ្ឋាន ភស្តុភារ នៃគណៈកម្មការយោធាមជ្ឈិមកងទ័ពរំដោះប្រជាជនចិន បានថ្លែងថា «ការរៀបចំធ្វើលំហាត់សមយុទ្ធសុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព-ឆ្នាំ២០២៣ នឹងបង្ហាញដល់ពិភពលោកឱ្យឃើញកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបំបាក់ចិន-កម្ពុជា បានពួនជ្រុំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ និងបន្តរីកចម្រើនកាន់តែខ្លាំងក្លា ក្នុងរយៈពេល៦៥ឆ្នាំ ក្រោយពីការបង្កើតការទូតដែលបង្ហាញពីទំនាក់ទំនងអន្តរជាតិបែបថ្មី»។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត ក្នុងឱកាសនោះបានស្នើឱ្យមន្ត្រីរៀបចំរបស់ប្រទេសទាំង២ធ្វើ
កិច្ចពិភាក្សារៀបចំធ្វើលំហាត់សមយុទ្ធយោធានោះ ដើម្បីមានការផ្លាស់ប្ដូរយោបល់បង្ហាញ អំពីទស្សនៈ បទពិសោធន៍ ដល់គ្នាទៅវិញទៅមក ដើម្បីជំរុញឱ្យការងារធ្វើលំហាត់សមយុទ្ធ ផ្នែកសុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព ឆ្នាំ២០២៣ នាពេលខាងមុខនេះមានលក្ខណៈ ប្រកបទៅដោយភាពរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក។

លោកវរសេនីយ៍ឯកពិសេសកងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ក្នុងពេលនោះទៀតថា លំហាត់សមយុទ្ធនាពេលខាងមុខនេះ ពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត នៃទំនាក់ទំនង ចិន-កម្ពុជា នៅក្នុងបរិបទ នៃការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានាយ៉ាងខ្លាំងក្លា នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។

លោកបានបន្ថែមថា លំហាត់សមយុទ្ធ នៃការងារផ្នែកមនុស្សធម៌ និងសុខាភិបាលបានស្របតាមការប្តេជ្ញាចិត្តខ្ពស់ របស់រដ្ឋាភិបាលកងទ័ពប្រទេសទាំងពីរ មិនថាស្ថានភាពអន្តរជាតិមាន ការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសទាំងពីរនឹងធ្វើឱ្យកាន់តែស៊ីជម្រៅឥតងាករេនូវ «មិត្តភាពដែកថែប យ៉ាងជិតស្និទ្ធ និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាក់ស្ដែង ឈ្នះឈ្នះ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសំដៅ ជំរុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ»។

លោក ប៊ី គ័ងយៀន បានបញ្ជាក់ទៀតថា ក្រុមការងាររបស់លោកមកកាន់កម្ពុជាលើកនេះ គឺចំថ្ងៃ នៃខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ និងប្រជាជនប្រទេសទាំងពីរចិន-កម្ពុជា។

ads banner