រយៈពេលជាងមួយម៉ោងសំបុត្រចូលទស្សនាបាល់ទាត់ជាងមួយម៉ឺនសន្លឹកត្រូវបានចែកអស់
ភ្នំពេញ៖ សំបុត្រចូលទស្សនាបាល់ទាត់ថ្ងៃបើកឆាកកីឡាស៊ីហ្គេមលកទី៣២ជាងមួយម៉ឺនសន្លឹកត្រូវបានចែកជូនអ្នកគាំទ្រតែក្នុងរយៈពេលជាងមួយម៉ោង។
សំបុត្រចូលទស្សនាការប្រកួតកីឡាបាល់ទាត់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់ថ្ងៃប្រកួតបើកឆាកថ្ងៃទី២៩ខែមេសា ដែលចែកជូនអ្នកគាំទ្រដោយឥតគិតថ្លៃ នៅថ្ងៃទី២៤ខែ មុខបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ត្រឹមតែរយៈពេលតែជាងមួយម៉ោងប៉ុណ្ណោះសំបុត្រត្រូវបានចែកអស់ ខណៈអ្នកគាំទ្រនៅតែបន្តមកជាហូហែស្វែងរកសបុត្រចូលទស្សនា បើទោះបីដឹងថាសំបុត្រត្រូវបានចែកអស់ទៅហើយក្តី។
អ្នកគាំទ្របាល់ទាត់កម្ពុជា២រូបដែលមកទទួលយកសំបុត្រមិនទាន់ បានបង្ហាញអារម្មណ៍សោកស្តាយព្រោះអាចនឹងបាត់បង់ឱកាសមិនបានចូលទស្សនា ថ្ងៃប្រកួតបើកឆាកដំបូងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលធ្វើឡើងនៅថ្ងៃទី២៩ខែមេសា ។ពួកគេបានលើកឡើងទៀតថា ថ្ងៃនេះមកយកសំបុត្រមិនទាន់ពេលវេលា សំបុត្រត្រូវបានចែកអស់ ប៉ុន្តែពួកគេមិនអស់សង្ឈឹមនទេ នឹងមកយកនៅថ្ងៃស្អែកទៀត ប្រសិនមានការចែកជូនអ្នកគាំទ្រ។
ពួកគេ បានអះអាងថា មូលហេតុដែលពួកគេព្យាយាម ស្វែងរកសំបុត្រចូលទស្សនា ការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រោះគេចង់ចូលរួមគាំទ្រលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ។ ពួកគេរំពឹងជឿជាក់ថា ការប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ក្រុមបាល់ទាត់កម្ពុជាអាចនឹងប្រជែងដណ្តើមបានមេដាយ ព្រោះបងប្អូនយើងបានចូលរួមគាំទ្រលើកទឹកយ៉ាងច្រើននឹងផ្តល់កម្លាំងចិត្តជួយឲ្យកីឡាករយើងខិតខប្រកួត ដើម្បីជ័យជំនេះ។
សូមបញ្ជាក់ថា បើយោងតាមការបញ្ជាក់ ពីលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា សំបុត្រ ដែលចែក គឺមានកំណត់ សំបុត្រ ដែលចែកថ្ងៃទី១នេះ យើងមានក្នុងដៃតែ១៣០០០សន្លឹក សម្រាប់តំបន់សាធារណៈ ឬ Zone B និងនៅខាងមុខវេទិកាកិត្តិយស (Zone A) មានចំនួន១៣០០សន្លឹក។ចឹងដោយសារតែចំនួន សំបុត្រមានកំណត់ ទើបបងប្អូនយើងគាត់សម្រុកមកយកច្រើន។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បើកឱ្យអ្នកគាំទ្រចូលយក នៅម៉ោង១២ ថ្ងៃត្រង់ ហើយត្រឹមជាង១ម៉ោងប៉ុណ្ណោះ សំបុត្រសរុបចំនួន១៤៣០០សន្លឹក ក៏ត្រូវបានចែកអស់បាត់ទៅហើយ ធ្វើឱ្យអ្នកគាំទ្រជាច្រើនរយនាក់ទៀត ដែលកំពុងឈរចាំ មិនទទួលបានសំបុត្រនេះទេ។ យ៉ាងណាមិញសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ចំពោះរឿងសំបុត្រនេះថា មានស្ថាប័នផ្សេងៗទៀតទទួលបានសំបុត្រ ដើម្បីចែកផងដែរ៕
រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ


