កម្ពុជា – ចក្រភពអង់គ្លេស ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម លើវិស័យការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ

ភ្នំពេញ៖ ទាំងភាគីកម្ពុជា និង ចក្រភពអង់គ្លេស បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែរីកចម្រើនឈានឡើង សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ។

ការបង្ហាញជំហររវាងភាគីទាំងពីរនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំ កម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីក្រសួង។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានឱ្យដឹងថា ការនាំចេញផលិតផលកាត់ដេរទៅកាន់ចក្រភពអង់គ្លេសមានស្ថានភាពល្អ ដែលផ្តល់ការងារដល់ស្រ្តីកម្ពុជាជាច្រើន ខណៈចក្រភពអង់គ្លេសនៅតែបន្តយកចិត្តទុកដាក់លើស្ត្រីនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តថា គម្រោងរោងចក្រកាន់តែប្រសើរ ILO-BFC មានរយៈពេល២០ឆ្នាំមកហើយ ក្នុងការបន្តអនុស្សរណៈនៃការយោគយល់គ្នា ដែលមានយន្តការត្រីភាគី ការគោរពលក្ខខណ្ឌការងារក្នុងការបង្ហាញពីតម្លាភាពដល់អង្គការអន្តរជាតិនានា។ ចំពោះការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្ពុជាខិតខំបណ្តុះបណ្តាលឲ្យទាន់តម្រូវការ ដោយឥឡូវនេះកម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្មជំនាញ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជាមានកម្មវិធីបណ្តុះបណ្តាលពិសេស៤ខែ លើសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ (C1) ដល់យុវជនក្រីក្រចំនួន១.៥លាននាក់ ចាប់អនុវត្តពីឆ្នាំ២០២៣នេះ។ ដូច្នេះការបណ្តុះបណ្តាលនេះ ប្រសិនជាមានការបណ្តុះបណ្តាលភាសាអង់គ្លេសបន្ថែមក្នុងកម្មវិធីនេះ ចាត់ទុកថាជាការបណ្តុះបណ្តាលជំនាញទន់ (Soft Skills Training)។

ទន្ទឹមនឹងនោះ ឯកឧត្តមឯកអគ្គរាជទូត បានឱ្យដឹងថា ចក្រភពអង់គ្លេសនឹងបន្តជំរុញឱ្យមានការបណ្តុះបណ្តាល TVET បន្ថែមទៀតនៅកម្ពុជា និងបានផ្ដល់យោបល់ឱ្យភាគីកម្ពុជាអាចបង្កើតបណ្តាញ TVET ក្នុងឱកាសវេទិកាអប់រំពិភពលោកលើកទី១៩ នឹងប្រព្រឹត្តទៅពីថ្ងៃទី៧-១០ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ជាមួយនេះ ឯកឧត្តមឯកអគ្គរាជទូត មានបំណងចង់ទាក់ទាញអ្នកជំនាញអង់គ្លេសមកបណ្តុះបណ្តាលនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឆ្លើយតបវិញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាចផ្តល់បណ្ណការងារ និងកូតាសម្រាប់បុគ្គលិកជនជាតិអង់គ្លេសដែលមកបម្រើការងារនៅក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងនេះ ក្រសួងក៏នឹងផ្តល់អាទិភាពសម្របសម្រួលអ្នកជំនាញជាន់ខ្ពស់ជូនភាគីចក្រភពអង់គ្លេសផងដែរ។

ឯកឧត្តម ដូមីនិក វីល្លៀម បានបញ្ជាក់ថា ចក្រភពអង់គ្លេសគ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme – DCTS) ដែលគ្រោងនឹងអនុវត្តនៅខែមេសា ឆ្នាំ២០២៣។ ភាពខុសគ្នារវាងប្រព័ន្ធ GSP និង DCTS នេះនឹងផ្តោតសំខាន់ទៅលើច្បាប់នៃប្រភពដើម។ ឯកឧត្តមឯកអគ្គរាជទូតបន្តថា ទោះបីស្ថានភាពកម្ពុជាចាកចេញពីប្រទេសក្រីក្រ (Least Developed Country) ក៏ចក្រភពអង់គ្លេសនៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាដែរ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme) ហៅកាត់ DCTS។ តាមរយៈការអនុគ្រោះនេះ កម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើនក្នុងការនាំចេញទំនិញមួយចំនួនទៅអង់គ្លេស មានដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្មមួយចំនួន ដោយគ្មានរបាំងពន្ធឡើយ ខណៈផលិតផលអង់គ្លេសនាំចូលមកកម្ពុជាមាន៖ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិកជាដើម។

ឯកឧត្តមឯកអគ្គរាជទូត បានបង្ហើបពីគម្រោងសម្រាប់អភិវឌ្ឍន៍កម្ពុជា ខាងការបណ្តុះបណ្តាលជំនាញអេឡិចត្រូនិកជាន់ខ្ពស់ ព្រោះនៅចក្រភពអង់គ្លេសគឺសម្បូរអ្នកជំនាញផ្នែកនេះ។

គួរបញ្ជាក់ថា បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា និងចក្រភពអង់គ្លេសបានបន្តកើនឡើងជាប់ជាលំដាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២២ កន្លងទៅទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនដល់ជាង ៩៧៧លានដុល្លារអាមេរិក ឬកើនឡើងប្រមាណ ២៣.៩% ធៀបនឹងឆ្នាំ២០២១ ហើយទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេសគឺ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប រីឯទំនិញដែលចក្រភពអង់គ្លេសនាំចូលមកកម្ពុជាគឺរថយន្ត និងកាកសំណល់ឧស្សាហកម្មសម្រាប់ផលិតចំណីសត្វ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner