អង្គការសុខភាពពិភពលោក៖ ប្រទេសដែលមានចំណូលទាប និងមធ្យម នឹងមានហានិភ័យស្លាប់នៅលើដងផ្លូវកើនឡើង ដោយការប្រើប្រាស់មួកសុវត្ថិភាពដែលមានគុណភាពទាប
អន្តរជាតិ៖ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ប្រទេសដែលមានចំណូលទាប និងមធ្យម នឹងមានហានិភ័យស្លាប់នៅលើដងផ្លូវកើនឡើង ដោយការប្រើប្រាស់មួកសុវត្ថិភាពដែលមានគុណភាពទាប ស្របពេលដែលប្រទេសទាំងនោះ មានចំនួនម៉ូតូកើនឡើងយ៉ាងឆាប់រហ័ស។
នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) ដែលបានចេញផ្សាយសៀវភៅណែនាំស្តីពីមួកសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ កាលពីដើមខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។
សៀវភៅណែនាំស្តីពីមួកសុវត្ថិភាពនេះ បានផ្ដល់នូវការណែនាំជួយទៅដល់ថ្នាក់ដឹកនាំ អ្នកបង្កើតច្បាប់ និងបទប្បញ្ញត្តិ ដើម្បីបង្កើនការប្រើប្រាស់មួកសុវត្ថិភាពប្រកបដោយគុណភាព ដើម្បីសង្គ្រោះជីវិតសម្រាប់អ្នកប្រើប្រាស់ម៉ូតូ។
អង្គការសុខភាពពិភពលោកអះអាងថា ខណៈពេលដែលអង្គការបានចេញផ្សាយសៀវភៅណែនាំនេះ មួកសុវត្ថិភាពដែលមានគុណភាព អាចកាត់បន្ថយហានិភ័យនៃការស្លាប់លើសពីប្រាំមួយដង និងកាត់បន្ថយការរបួសខួរក្បាល ដែលជាមូលហេតុចម្បងនៃការស្លាប់សម្រាប់អ្នកជិះម៉ូតូដល់ទៅ ៧៤ភាគរយ។
អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ៖ «ទោះបីជាយ៉ាងណាក៏ដោយ ការប្រើប្រាស់មួកសុវត្ថិភាព ប្រកបដោយគុណភាព នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម នៅតែមានកម្រិតទាប ស្របពេលដែលចំនួនម៉ូតូមានការកើនឡើងយ៉ាងឆាប់រហ័សផងដែរ»។
ជាមួយគ្នានេះ លោក Matts-Ake Belin ប្រធានសកលរបស់អង្គការសហប្រជាជាតិសម្រាប់ផែនការទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២១-២០៣០ នៃអង្គការសុខភាពពិភពលោក បានលើកឡើងថា កត្តាជាច្រើនដែលធ្វើឱ្យមានការរារាំងដល់ការប្រើប្រាស់មួកសុវត្ថិភាព។
លោកបន្តថា កត្តាទាំងនោះរួមមាន ដោយសារកង្វះមួកសុវត្ថិភាព ជាពិសេសកង្វះមួកសុវត្ថិភាពសម្រាប់កុមារ គុណភាព និងតម្លៃ កង្វះការអនុវត្តច្បាប់ ហើយក៏ដោយសារអាកាសធាតុក្តៅ ជាហេតុនាំឲ្យការប្រើប្រាស់មួកសុវត្ថិភាពធ្វើការពាក់មិនបានត្រឹមត្រូវ ដែលបង្កើនហានិភ័យនៃការស្លាប់ និងរបួសផងដែរ។ លោកបានធ្វើការសន្និដ្ឋានថា អាជ្ញាធរត្រូវតែដាក់ច្បាប់ ក្របខ័ណ្ឌ និងសកម្មភាពនានា ដើម្បីជំរុញភាពអាចរកបាន និងការទទួលយកមួកសុវត្ថិភាពប្រកបដោយគុណភាព។
លោក Matts-Ake Belin បានឱ្យដឹងថា៖ «នៅពេលដែលម៉ូតូមានការកើនឡើងក្នុងអត្រាគួរឲ្យភ្ញាក់ផ្អើល ជាពិសេសនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម វិធានការបន្ទាន់ គឺចាំបាច់ដើម្បីទប់ស្កាត់ការកើនឡើងយ៉ាងឆាប់រហ័សនៃការស្លាប់ និងរបួសនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ»។
លោកបានបន្ថែមថា ដើម្បីអាចកាត់បន្ថយការស្លាប់ទាំងអស់ពីគ្រោះថ្នាក់ចរាចរណ៍បាន សកម្មភាពដែលមានគោលបំណងបង្កើនការប្រើប្រាស់មួកសុវត្ថិភាព គឺត្រូវតែអនុវត្តជាផ្នែកនៃការផ្លាស់ប្តូរកាន់តែទូលំទូលាយទៅកាន់វិធីសាស្រ្តប្រព័ន្ធសុវត្ថិភាពចំពោះសុវត្ថិភាពចរាចរណ៍ និងការចល័ត។ វិធីសាស្រ្តប្រព័ន្ធសុវត្ថិភាពត្រូវបានទទួលស្គាល់ថាជាការដឹកជញ្ជូនតាមផ្លូវគោកដែលវាគឺជាប្រព័ន្ធដ៏ស្មុគស្មាញមួយដែលមានធាតុតភ្ជាប់គ្នាជាច្រើនដែលប៉ះពាល់ដល់គ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា នៅឆ្នាំ២០០៦ អង្គការសុខភាពពិភពលោក ធនាគារពិភពលោក មូលនិធិ FIA និងភាពជាដៃគូសុវត្ថិភាពចរាចរណ៍សកល បានចេញផ្សាយសៀវភៅណែនាំស្តីពីមួកសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាលើកដំបូង។
ប្រភពដដែលថា ក្នុងរយៈពេល ១៧ឆ្នាំកន្លងមកនេះ ទិន្នន័យថ្មី ការអភិវឌ្ឍ និងការស្រាវជ្រាវបានជះឥទ្ធិពលទាំងស្តង់ដារសុវត្ថិភាពនៃមួកសុវត្ថិភាព និងការអនុវត្តការផលិតមួកសុវត្ថិភាព ដើម្បីដោះស្រាយតម្រូវការរបស់អ្នកប្រើប្រាស់ម៉ូតូនាពេលបច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក បានចេញផ្សាយសៀវភៅណែនាំស្តីពីមួកសុវត្ថិភាព ជាលើកទី២ នៅឆ្នាំ២០២៣នេះ៕
ដោយ៖ជា សុខនី