២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)

ស្ថានភាពឆ្លងជម្ងឺកូវីដ១៩ ក្នុងប្រទេសជាសមាជិកអាស៊ាន នៅតែមានឆ្លង បើទោះបីជា កម្ពុជាគ្មានការឆ្លង ឬពេលខ្លះឆ្លងតិចតួចបំផុតនោះក៏ដោយ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ៥៣៥ករណី។ បើប្រៀបធៀបនឹងម្សិលមិញតួលេខឆ្លងនេះ មានការថយចុះចំនួន ១ពាន់ ៨១ករណី។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួនតែ ៤ប៉ុណ្ណោះ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លង ចំនួន ១ពាន់ ៣៧១ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង៤នោះ គឺប្រទសមីយ៉ាន់ម៉ា ដែលមានអ្នកឆ្លងចំនួន ១១៩ករណី។ ប្រទេសម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា, ឡាវ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣១នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។

គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៨៥ម៉ឺន ៩ពាន់ ៣១៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៧ពាន់ ១៩៧នាក់។ បើគិតសរុបនៅលើ សាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៧លានករណី, និងការ ស្លាប់មានជាង ៦លាន ៨៦ម៉ឺននាក់៕

ads banner