ជប៉ុនគ្រោងចំណាយថវិកា ១៦៧លាន ជួយកែលម្អផ្លូវជនបទប្រវែងជាង៥០០គីឡូម៉ែត្រ (Video Inside)
ជប៉ុនគ្រោងនឹងចំណាយថវិកា១៦៧លានដុល្លារ ដើម្បីការជួយកែលម្អផ្លូវជនបទនៅកម្ពុជា ប្រវែងជាង៥០០គីឡូម៉ែត្រ។ គម្រោងកែលម្អផ្លូវជនបទនេះត្រូវបានលើកឡើង ក្នុងជំនួបពិភាក្សាការងារមួយរវាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន ជាមួយប្រធានថ្មី នៃទីភ្នាក់ងារ JICA លោក សានុអ៊ិ កាហ្ស៊ូម៉ាសា នាព្រឹកថ្ងៃ៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
លោករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA នឹងផ្ដល់គម្រោងមួយដល់រាជរដ្ឋាភិបាលកម្ពុជានោះគឺ «គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ» គ្របដណ្តប់លើខេត្តគោលដៅចំនួន២ គឺខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «ផ្លូវជនបទដែលត្រូវកែលម្អនោះមានប្រវែងសរុបជាង៥០០គីឡូម៉ែត្រ ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ១៦៧លានដុល្លារអាមេរិក»។ គម្រោងនេះនឹងរួមចំណែកក្នុងការសម្រេចឱ្យបានគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២១-២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។