លទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេសលើកទី៣ ប្រធានបទ “ការពង្រឹងការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម”

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលត្រូវបានរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។ អ្នកចូលរួមសរុបប្រមាណ៣០០នាក់ រួមមាន មន្រ្តីជាន់ខ្ពស់មកពីក្រសួងការបរទេស ក្រសួងស្ថាប័នពាក់ព័ន្ធ ប្រធាន និងតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស បានអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះ។

កិច្ចប្រជុំពិគ្រោះយោបល់មានគោលបំណងសំខាន់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រោមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម រួមមាន ១)កាតព្វកិច្ចគណនេយ្យ ២)ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដារគណនេយ្យរបស់កម្ពុជា និង៣)ការបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សវនកម្មឯករាជ្យ ដើម្បីធានានូវគណនេយ្យភាព តម្លាភាព និងប្រសិទ្ធិផលរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ប្រធានបទនៃកិច្ចប្រជុំមានភាពពាក់ព័ន្ធ និងមានសារៈសំខាន់ ខណៈដែលក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានដកប្រទេសកម្ពុជាចេញពីបញ្ជីពណ៌ប្រផេះនៃប្រទេសដែលមានហានិភ័យខ្ពស់ក្នុងការសម្អាតប្រាក់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ សមិទ្ធផលដ៏ថ្លៃថ្លានេះអាចធ្វើទៅបាន ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលជាអង្គភាពរាយការណ៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តត្រឹមត្រូវនៃច្បាប់ស្តីពីគណនេយ្យ និងសវនកម្មសម្រាប់អង្គការមិនមែនរដ្ឋាភិបាល និងបានអំពាវនាវដល់អង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ត្រូវ៖
១.បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាថាគម្រោង និងសកម្មភាពនានាកំពុងត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវស្របតាមច្បាប់ និងបទបញ្ញត្តិ នៅកម្ពុជា។
២.ប្រកាន់ជំហរអព្យាក្រឹត្យចំពោះគណបក្សនយោបាយទាំងអស់ ហើយជៀសវាងការអនុវត្តសកម្មភាពដែលផ្ទុយនឹងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO)។
៣.បន្តគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអនុវត្តកំណែទម្រង់ផ្សេងៗ ដូចជា វិមជ្ឈការ និងវិសហមជ្ឈការ គាំទ្រការកសាងសមត្ថភាពសម្រាប់អ្នកគ្រប់គ្រងថ្នាក់ក្រោមជាតិ និងជួយដល់ការអនុវត្តគោលនយោបាយ ដោយធានានូវគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធិផល នៃការផ្តល់សេវាសាធារណៈ។
៤.ជៀសវាងការចូលរួមក្នុងសកម្មភាពណាមួយដែលគាំទ្រការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានការរីកសាយភាយអាវុធមហាប្រល័យ ដែលជាបច្ច័យអវិជ្ជមានដល់ប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងស្ថិរភាពសង្គម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ កិច្ចប្រជុំពិគ្រោះយោបល់នេះ មានជាបទបង្ហាញអំពីការយល់ដឹង និងបទពិសោធន៍ ជំនាញបច្ចេកទេស និងការណែនាំអំពីការអនុវត្តជាក់ស្តែងពីអ្នកជំនាញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្មជាតិ សម្រាប់អង្គការមិនមែនរដ្ឋាភិបាលបរទេសដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ads banner