សម្តេចតេជោប្រកាសទទួលយកលោក អៀ ចាន់ណា ជាសមាជិកគណបក្សប្រជាជនកម្ពុជា (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី៣ ឧសភានេះ ទទួលយកតំណាងយុវជន នៃអតីតគណបក្សសង្រ្គោះជាតិប្រទេសន័រវេ លោក អៀ ចាន់ណា ធ្វើជាសមាជិកគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោបានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានបើកចិត្តទូលាយ និងទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
ការប្រកាសស្វាគមន៍ និងទទួលយកលោក អៀ ចានណា បានធ្វើឡើងបន្ទាប់ពីលោក អៀ ចាន់ណា បានចេញវីដេអូសុំទោសសម្តេចតេជោ និងស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច។
សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមបណ្តាញសង្គមថា៖ «គណបក្សប្រជាជនកម្ពុជា តែងតែបើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយ ពីអតីតកាល ក្នុងគោលបំណងប្រមូលផ្តុំធនធានមនុស្ស, ធនធានប្រាជ្ញា និងទ្រព្យសម្បត្តិ ដើម្បីការពារសន្តិភាព និងបន្តការកសាងប្រទេសក្រោមម្លប់សន្តិភាពតទៅទៀត»។
លោក អៀ ចាន់ណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ជួយធ្វើអន្តរាគមន៍ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីធានាឱ្យលោកបានរស់នៅក្រៅឃុំជាបណ្តោះអាសន្ន។
លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្បែរផ្សារអ៊ីអន រាជធានីភ្នំពេញ តាមដីការបស់តុលាការ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់ ដែលប្រព្រឹត្តឡើងកាលពីឆ្នាំ២០២០។
លោក អៀ ចាន់ណា គឺជាអតីតសកម្មជនថ្មីម្នាក់ទៀត ដែលបានសុំចូលរួមជីវភាពនយោបាយ ក្រោមដំបូលគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអតីតតំណាងរាស្ត្រគណបក្សប្រឆាំងលោក សួង សោភ័ណ្ឌ, លោក ហ៊ុន កុសល និងលោក យឹម ស៊ីណន់ ដែលបាននាំគ្នាមក ចូលរួមកាលពីសប្តាហ៍មុនជាមួយនឹងគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច។