សម្តេចតេជោទទួលយកក្រុមសម្ងាត់បម្រើគណបក្សប្រឆាំង ដើម្បីអូសទាញយុវជនតាមសកលវិទ្យាល័យ (Video Inside)

មេដឹកនាំបណ្តាញសម្ងាត់បម្រើគណបក្សប្រឆាំងក្នុងការធ្វើចលនាអូសទាញបណ្តាយុវជនតាម សកលវិទ្យាល័យ បានប្រមូលសហការីរបស់ខ្លួនដែលធ្លាប់លង់ ក្នុងការអូសទាញតាមចលនាបដិវត្តន៍ពណ៌ បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

លោក គោរម្យ ដាឡា ប្រធានគ្រប់គ្រងនិស្សិតតាមបណ្តាញសកលវិទ្យាល័យបានធ្វើលិខិតមួយ កាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០២៣ រៀបរាប់អំពីការធ្លាប់លង់ខ្លួនតាមការអូសទាញ របស់គណបក្សប្រឆាំង ដែលតែងអួតអាងថាជាគណបក្សស្នេហាជាតិ ប៉ុន្តែធាតុពិត គឺជាគណបក្សដែលពឹងបរទេសពីខាងក្រៅមក កកូរកកាយកម្ពុជាឱ្យកាន់តែល្អក់កករតែប៉ុណ្ណោះ។

ក្នុងឃ្លីបវីដេអូមួយដែលបានផ្សាយជាសាធារណៈថ្មីៗនេះ លោក គោរម្យ ឡា បានសុំទោស ចំពោះសម្តេចតេជោ ហ៊ុន សែន នូវកំហុសឆ្គង របស់ខ្លួនកន្លងមក និងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

លិខិតរបស់លោក គោរម្យ ដាឡា បានធ្វើឱ្យសម្តេចនាយករដ្ឋមន្ត្រីបានបង្ហាញក្តីរំភើបជាខ្លាំង ចំពោះការភ្ញាក់រលឹករបស់ក្រុមនិស្សិតបញ្ញវ័ន្តតាមបណ្តាញសកលវិទ្យាល័យនេះ។ សម្តេចតេជោបានថ្លែងជាសារសម្លេងមួយក្រោយទទួលបានការស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោបានថ្លែងតាមសារសម្លេងដដែលថា សម្តេចនឹងរំពឹងការជួបជាមួយក្រុមនិស្សិតបញ្ញវ័ន្ត ដែលបានភ្ញាក់រលឹកទាំងឡាយនេះ នាពេលខាងមុខនេះ។

ភាពភ្ញាក់រលឹកដោយអតីតសកម្មជនបម្រើនយោបាយគណបក្សប្រឆាំង វេលាចុងក្រោយនេះ ត្រូវគេឃើញថាមានចំនួនច្រើនជាបន្តបន្ទាប់ ជាពិសេសយុវជន នៃក្រុមបង្គោលរបស់គណបក្សប្រឆាំងដូចជា លោក យឹម ស៊ីណន, លោក ហ៊ុន កុសល, លោក អៀ ចាន់ណា និងលោក សួង សុភណ្ឌ ដាដើម។

ដោយឡែកនៅមានកម្លាំងថ្មីជាច្រើនទៀតមកពីតាមបណ្តារាជធានីខេត្ត ដែលបានធ្វើលិខិតស្នើសុំចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ ក្នុងសប្តាហ៍នេះ សមាជិកថ្មីចំនួន៥៨១នាក់ មកពីឃុំចំនួន៣ គឹឃុំតាំងក្រសាំង, ឃុំព្នៅ និងឃុំជ្រាប់ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រមូលគ្នីគ្នាមកចួល រួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

សមាជិកថ្មីចំនួន៥៨១នាក់នោះ កាលពីថ្ងៃទី៤ ឧសភា ត្រូវបានសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក ស៊ុំ សន្និសិទ្ធ ដែលជាប្រធានក្រុមការងារចុះ ជួយស្រុកសន្ទុក បានប្រកាសទទួលស្គាល់ សមាសភាពជាសមាជិកពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា។

ads banner