លោក រ៉ុង ឈុន ដែលកំពុងស្ថិតព្យួរទោសសាកល្បងតាមផ្លូវតុលាការ អាចប្រឈមការចាប់ខ្លួន បើអនុវត្តខុសពីបទបញ្ជារបស់តុលាការ (Video Inside)

គណបក្សភ្លើងទៀន នៅមិនទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតឆ្នាំ២០២៣នៅឡើយទេ ខណៈដែលបេក្ខជនឈរឈ្មោះរបស់ខ្លួនម្នាក់ឈ្មោះ រ៉ុង ឈុន កំពុងស្ថិតក្នុងការព្យួរទោសសាកល្បងតាមផ្លូវតុលាការនៅឡើយ។

លោក រ៉ុង ឈុន ដែលតុលាការបានផ្តន្ទាទោសនូវបទ «ញុះញង់បង្កឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម» ត្រូវតុលាការកំពូលរក្សាតម្កល់សាលដីកាព្រហ្មទណ្ឌលេខ១១០ ដែលកំណត់ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ៣ខែ ១១ថ្ងៃ។ ចំណែកទោសដែលនៅសល់ ត្រូវព្យូរសាកល្បងដោយកំណត់រយៈពេល៣ឆ្នាំ។

សារព័ត៌មានក្នុងស្រុក Fresh News បានដកស្រង់សម្តីរបស់មន្ត្រីនាំពាក្យអយ្យការសាលាដំបូងរាជធានី ដែលបញ្ជាក់ថាករណីរបស់ រ៉ុង ឈុន កំពុងស្ថិតក្នុងត្រួតពិនិត្យតាមផ្លូវតុលាការ ដែលលោកមិនអាចទាន់ធ្វើនយោបាយបានទេ ក្នុងពេលដែលស្ថិតក្នុងការព្យួរសាកល្បងទោស ដែលមិនបានបញ្ចប់មកនេះ។ លោក រ៉ុង ឈុន នឹងអាចប្រឈមការចាប់ខ្លួន បើសិនជាមិនអនុវត្តតាមដីការបស់តុលាការ។

យោងតាមតុលាការ ក្នុងពេលដែលលោក រ៉ុង ឈុន កំពុងស្ថិតក្នុងការសាកល្បងព្យួរទោសនេះ លោកនឹងតម្រូវអនុវត្តលើចំណុច៥ ដែលតុលាការបានតម្រូវ ក្នុងនោះទី១ ដែលចែងថាទណ្ឌិត ត្រូវតែគោរពតាមដីកាកោះរបស់ព្រះរាជអាជ្ញា ឬរបស់បុគ្គលដែលព្រះរាជអាជ្ញាបានប្រគល់អំណាចឲ្យ, ទី២ ទណ្ឌិតត្រូវមកទទួលនូវការមកពិនិត្យមើលរបស់បុគ្គលដែលព្រះរាជអាជ្ញា បានប្រគល់អំណាចឲ្យ, ទី៣ទណ្ឌិតត្រូវប្រគល់ដល់ព្រះរាជអាជ្ញា ឬដល់បុគ្គលដែលព្រះរាជ អាជ្ញាបានប្រគល់អំណាចឲ្យនូវគ្រប់ឯកសារ សម្រាប់ធ្វើការផ្ទៀតផ្ទាត់លើការបញ្ចូលឲ្យទៅរស់នៅក្នុងសង្គមវិញ, ទី៤ ទណ្ឌិតត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញាអំពីការផ្លាស់ប្ដូរអាសយដ្ឋាន និងមុខរបររបស់ខ្លួន និងទី៥ទណ្ឌិតត្រូវតែអនុញ្ញាតពីព្រះរាជអាជ្ញាមុនពេលធ្វើដំណើរទៅបរទេស។

ពាក់ព័ន្ធនឹងបទបញ្ជារបស់តុលាការនេះ, លោក រ៉ុង ឈុន ត្រូវបានគេដកស្រង់សម្តីដែលបញ្ជាក់មកវិញថា ក្នុងចំណុចទាំង៥នេះ មិនមានការហាមឃាត់រូបលោកក្នុងការធ្វើនយោបាយឡើយ។ លោក រ៉ុង ឈុន បានថ្លែងថាលោកគ្រោងនឹងឈរឈ្មោះបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលខេត្តកណ្តាល និងថាគណបក្សរបស់លោកនឹងត្រូវទៅចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតឆ្នាំ២០២៣ នៅថ្ងៃទី៦ ឧសភា ខាងមុខនេះ។

ads banner