២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៥ពាន់ករណី (Video Inside)
ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ កម្ពុជាមិនមានការឆ្លងថ្មីឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥ពាន់ ៣៨ករណី ដែលជាតួលេខឆ្លងបន្តកើនឡើងចំនួន ៧៣ករណី ធៀបនឹងការឆ្លងកាល ពីម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួនតែ ៤ប៉ុណ្ណោះ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ប្រុយណេ, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ២ពាន់ ៤១៧ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង៤នោះ គឺប្រទសប្រុយណេ ដែលមានអ្នកឆ្លងចំនួន ១៩៣ករណីប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា, ឡាវ និងប្រទេសហ្វីលីពីន គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។
គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៨៧ម៉ឺន ១ពាន់ ៣៤៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៧ពាន់ ២៥៤នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៧លានករណី, និងការស្លាប់មានជាង ៦លាន ៨៦ម៉ឺននាក់៕