ត្រឹមព្រឹកថ្ងៃទី៨ ឧសភា៖ មានគណបក្សចំនួន១៨ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ត្រឹមម៉ោង១១ព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ គឺមានគណបក្សចំនួន១៨ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។ ក្នុងចំណោមគណបក្សនយោបាយទាំង១៨ គឺមានគណបក្សចំនួន១១ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន៧ទៀត គ.ជ.ប កំពុងពិនិត្យ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ គ.ជ.ប ថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា គណបក្សចំនួន១១ ដែលត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការមានដូចជា៖
១.គណបក្សប្រជាជនកម្ពុជា
២.គណបក្សយុវជនកម្ពុជា
៣.គណបក្សខ្មែររួបរួមជាតិ
៤.គណបក្សធម្មាធិបតេយ្យ
៥.គណបក្សកម្លាំងប្រជាធិបតេយ្យ
៦.គណបក្សសញ្ជាតិកម្ពុជា
៧.គណបក្សខ្មែរតែមួយ
៨.គណបក្សខ្មែរអភិរក្ស
៩.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
១០.គណបក្សបំណងពលរដ្ឋ
១១.គណបក្សហ៊្វុនស៊ិនប៉ិច
ប្រភពដដែលបានបន្តថា ចំណែកគណបក្សនយោបាយចំនួន៧ ដែល គ.ជ.ប កំពុងពិនិត្យមានដូចជា៖
១.គណបក្សឯកភាពជាតិខ្មែរ
២.គណបក្សស្ត្រីដើម្បីស្ត្រី
៣.គណបក្សខ្មែរឈប់ក្រ
៤.គណបក្សភ្លើងទៀន
៥.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៦.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
៧.គណបក្សជនជាតិដើមប្រជាធិបតេយ្យ
សូមជម្រាបថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ