ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ដំណើរការដោយរលូននៃកម្មវិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅកម្ពុជា គឺបានឆ្លុះបញ្ចាំងអំពីការរួបរួមគ្នាជាកម្លាំងមហាសាមគ្គីភាពជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការណ៍ដែលបានឃើញនូវដំណើរការដោយរលូន នៃកម្មវិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅកម្ពុជា គឺជាមោទកភាពដ៏វិសេសវិសាលបំផុតក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ហើយជោគជ័យនេះ ក៏បានឆ្លុះបញ្ចាំងអំពីការរួបរួមគ្នាជាកម្លាំងមហាសាមគ្គីភាពជាតិខ្មែរ នៅក្នុងការបង្ហាញប្រាប់ពិភពលោកអំពីវប្បធម៌-អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ដែលមានកំណើតដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដូចជាអំពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងពេលបច្ចុប្បន្ន រួមទាំងអំពីទឹកចិត្តទូលំទូលាយរបស់ប្រជាជនខ្មែរយើង ក្នុងការទទួលស្វាគមន៍រាក់ទាក់ចំពោះមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទី។

ការបញ្ជាក់ថានេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ បានបង្ហាញនូវភាពលេចធ្លោលើទិដ្ឋភាព២សំខាន់ៗ៖ ទី១.គឺការដឹកនាំ និងការរៀបចំគ្រប់សកម្មភាពពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច និងការប្រកួត ប្រកបដោយភាពរលូន ត្រឹមត្រូវ យុត្តិធម៌ និងទំនុកចិត្ត ស្របតាមកម្រិតស្តង់ដារកំណត់របស់ក្រុមប្រឹក្សាសហព័ន្ធកីទ្បាអាស៊ីអាគ្នេយ៍ និងទី២.គឺសមត្ថភាពធនធានមនុស្សរបស់កម្ពុជានៅក្នុងវិស័យកីឡា ត្រូវបានលើកកម្ពស់ជាលំដាប់គួរឱ្យកត់សម្គាល់។ ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ គឺចំនួនមេដាយដែលកម្ពុជាទទួលបានមានចំនួនច្រើន រហូតអាចបំបែកឯកត្តកម្មរបស់ខ្លួននៅក្នុងប្រវត្តិសាស្ត្រ ហើយក៏នឹងកំពុងបន្តកើនឡើងជាប់ទៅមុខរហូត។ វឌ្ឍនភាពនេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាផ្លែផ្កាដែលកើតឡើងក្រោមបរិស្ថានអំណោយផលនៃសុខសន្តិភាព-ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner