សម្តេចតេជោ ហ៊ុន សែន៖ មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់កម្ពុជានិងសហភាពអឺរ៉ុប ពិតជាធន់នឹងការសាកល្បងនៃពេលវេលាក្នុងអំឡុងរយៈពេលបីទសវត្សកន្លងទៅ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់កម្ពុជា និងសហភាពអឺរ៉ុប ពិតជាធន់នឹងការសាកល្បងនៃពេលវេលា ក្នុងអំឡុងរយៈពេលបីទសវត្សកន្លងទៅ។ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការអឺរ៉ុប រួមជាមួយបណ្តារដ្ឋសមាជិក ទាំងអស់នៃសហភាពអឺរ៉ុប ចំពោះការប្តេជ្ញាចិត្តដ៏យូរអង្វែង ក្នុងការនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពដល់ប្រទេសកម្ពុជា។ នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកជំទាវ អើសូឡា វ៉ាន់ឌើលេន ប្រធានគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាឱកាសនៃ “ទិវាអឺរ៉ុប” តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនលោកជំទាវ ព្រមទាំងប្រជាជនទាំងអស់នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប សូមបានប្រកបនូវសុខភាពល្អបរិបូណ៌ សុភមង្គល និងវិបុលភាព។
នៅពេលសម្តេចគិតអំពីទ្វីបអឺរ៉ុប សម្តេចមិនត្រឹមតែមើលឃើញអំពីសហគមន៍នៃប្រទេសរដ្ឋសមាជិកប៉ុណ្ណោះទេ ប៉ុន្តែជាការប្រមូលផ្តុំនៃប្រទេសជាច្រើនទៀតដែលជាមិត្ត និងដៃគូរបស់សហភាពអឺរ៉ុបផងដែរ។ ស្ថិតក្នុងស្មារតីនេះ ពួកយើងគួរតែចងចាំផងដែរថា ឆ្នាំក្រោយគឺជាខួបគម្រប់៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប។ មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើង ពិតជាធន់នឹងការសាកល្បងនៃពេលវេលា ក្នុងអំឡុងរយៈពេលបីទសវត្សកន្លងទៅ។
សម្តេចសូមឆ្លៀតយក ឱកាសនេះ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការអឺរ៉ុប រួមជាមួយបណ្តារដ្ឋសមាជិក ទាំងអស់នៃសហភាពអឺរ៉ុប ចំពោះការប្តេជ្ញាចិត្តដ៏យូរអង្វែង ក្នុងការនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពដល់ប្រទេសកម្ពុជា។ ទោះស្ថិតក្នុងកាលៈទេសៈនៃការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ និងសង្រ្គាមដែលកំពុង បន្តមាននៅអ៊ុយក្រែនក៏ដោយ ប្រទេសកម្ពុជា និងសហភាពអឺរ៉ុបបានធ្វើឱ្យប្រសើរឡើងភាពជាដៃគូ តាមរយៈការប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ក្នុងការពង្រឹងពហុភាគីនិយមក៏ដូចជា សម្រេចបាននូវលទ្ធផលជាក់ស្តែងសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាមានមោទនភាពបានរៀបចំកាលពីឆ្នាំ២០២១។ ភាពជោគជ័យដ៏ធំធេងនៃភាពជាប្រធានអាស៊ានរបស់កម្ពុជាកាលពីឆ្នាំកន្លងទៅ គឺជាសក្ខីភាពដ៏រឹងមាំផងដែរនៃកិច្ចសហការនេះ ដើម្បីដោះស្រាយបញ្ហា តំបន់ និងសកល ក្នុងគោលបំណងថែររក្សានូវសន្តិភាព និងស្ថិរភាព សម្រាប់តំបន់ទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅចុងឆ្នាំនេះ កម្ពុជាទន្ទឹងរង់ចំាដល់ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-អឺរ៉ុប លើកទី១២ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថាភាគីទាំងពីរនឹងនៅតែបន្តប្តេជ្ញាចិត្តដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អរបស់យើង ដើម្បីជាប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិយើង។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន សូមប្រសិទ្ធពរបវរមហាប្រសើរ ជូនចំពោះ លោកជំទាវ ក្នុងការដឹកនាំ សហភាពអឺរ៉ុបឆ្ពោះទៅកាន់វិបុលភាពកាន់តែប្រសើរឡើង៕
ដោយ៖ពលជ័យ



