តើលក្ខណៈអាកាសធាតុមួយសប្តាហ៍ទៅមុខនេះមានអ្វីកើតឡើងខ្លះ? (Video Inside)
ធាតុអាកាសកម្ដៅនឹងថយចុះមកវិញរវាងពី១ទៅ៣ អង្សាសេ ខណៈបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានក្នុងសប្ដាហ៍ទៅមុខនេះ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម មូលហេតុដែលបណ្ដាលឱ្យ មានបាតុភូតប្រែប្រួលនេះ គឺដោយសារកម្ពុជា បានទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាបពីភាគខាងជើងប្រទេសនិងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងតំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាព កម្ដៅអប្បបរមា រវាងពី ២៥ ទៅ២៧ អង្សាសេ និងសីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៤ទៅ ៣៦អង្សាសេ ដែលតុណ្ហភាពកម្ដៅនេះគឺបានថយចុះចំនួន៣អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុន។ ការព្យាករណ៍តំបន់ទំនាបកណ្ដាលនេះ អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពកម្ដៅអប្បបរមា មានរវាងពី ២៤ទៅ ២៦ អង្សាសេ និងសីតុណ្ហភាពកម្ដៅ អតិបរមា មានរវាងពី៣៤ទៅ ៣៦ អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុនសីតុណ្ហភាពកម្ដៅទាំងនេះ បានថយចុះពី១ទៅ២អង្សាសេ។ តាមការព្យាករណ៍តំបន់ខ្ពង់រាបនេះ អាចមានភ្លៀងធ្លាក់ក្នុង កម្រិតពីតិច ទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំ ដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
ចំណែកនៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពកម្ដៅអប្បបរមា មានរវាងពី២៤ទៅ២៦ អង្សាសេ និង សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៣ទៅ ៣៥ អង្សាសេ ដែលសីតុណ្ហភាពកម្ដៅទាំងពីរនេះគឺថយចុះ១អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុន។ ការព្យាករណ៍តំបន់មាត់សមុទ្រនេះ អាចមាន ភ្លៀង ធ្លាក់ក្នុងកម្រិតពីតិច ទៅមធ្យម លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្ដដាសតឿនដល់ពលរដ្ឋទាំងអស់ត្រូវបង្កើនការ ប្រុងប្រយ័ត្ន ចំពោ បាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុនេះ។