ដើរតាមមនោគមន៍វិជ្ជាដ៏ខ្មៅកខ្វក់របស់បក្សប្រឆាំងជាង១០ឆ្នាំ៖ លោក គង់ ម៉ាស់ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ លោក គង់ ម៉ាស់ អតីតសមាជិកក្រុមការងារប្រចាំខេត្តស្វាយរៀង និងជាមន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោត និងនីតុកម្ម នៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ បានសរសេរលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយសារតែអស់ជំនឿលើក្រុមមេដឹកនាំក្រុមប្រឆាំងដែលតែងតែញុះញង់អុជអាលសមាជិក និងសកម្មជនបក្សប្រឆាំងឲ្យធ្វើសកម្មភាពខុសច្បាប់ បង្កចលាចល ក្នុងគោលបំណងបង្កើតបដិវត្តន៍ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
លោក គង់ ម៉ាស់ ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកកម្ពុជា ចេញព្រះរាជក្រឹត្យលើកលែងទោស បន្ទាប់ពីមានការអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅក្នុងលិខិតរបស់លោក គង់ ម៉ាស់ គោរពជូនសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា “ក្រោយពីទទួលបានការលើកលែងទោសពីសម្តេចនាយក ឱ្យមានសេរីភាព ខ្ញុំសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយដឹងពីកំហុស ដោយដឹងពីកំហុសដើរតាមមនោគមន៍វិជ្ជាបក្សប្រឆាំងជាង១០ឆ្នាំមកនេះ ពុំបានជួយដល់សង្គម ក្រៅពីធ្វើឲ្យសង្គមវឹកវរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសម្តេចនាយកមេត្តាឲ្យរូបខ្ញុំបាទ បានធ្វើការបម្រើជាតិ និងគណបក្សផងដោយក្តីអនុគ្រោះ”។
សូមជម្រាបថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ លោក គង់ ម៉ាស់ និងសកម្មជនក្រុមប្រឆាំងចំនួន៩នាក់ ដែលកំពុងជាប់នៅក្នុងពន្ធនាគារព្រៃសបានចេញវីដេអូ និងធ្វើលិខិតសុំទោសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានសារភាពកំហុសរបស់ពួកគេដែលជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិ។
អតីតមន្ត្រី និងសកម្មជនក្រុមប្រឆាំងទាំង១០នាក់ រួមមានដូចជា ១.លោក គង់ ម៉ាស់ ២.លោក វ៉ន សាវណ្ណ ៣.លោក ធុយ វី ៤.លោក ឆុន ប៊ុនឆាត ៥.លោក ឧ រឹម ៦.លោក ចាន់ សារ៉ាត់ ៧.លោក ណុប វ៉ុន ៨.លោក ប៉េង សុខា ៩.លោក វ៉ន ឡេង និង១០.លោក សាន សៅរី។
អតីតមន្ត្រី និងសកម្មជនក្រុមប្រឆាំងទាំង១០នាក់នេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់ ញុះញង់បង្កអសន្តិសុខសង្គម រួមទាំងបទល្មើសមួយចំនួនទៀតជុំវិញផែនការប្រកាសវិលត្រឡប់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី និងបក្ខពួក។
បើតាមលិខិតសុំទោសរបស់លោក គង់ ម៉ាស់ បានឱ្យដឹងថា ក្រោយពីអនុវត្តទោសក្នុងពន្ធនាគារដែលតុលាការបានផ្តន្ទាទោសដល់រូបលោករយៈពេល៥ឆ្នាំ គឺលោកមានការភ្ញាក់រលឹកដឹងខ្លួនថា ចាញ់បោកការឃោសនាបោកបញ្ឆោតរបស់មេដឹកនាំគណបក្សប្រឆាំង ដែលពេលនេះមិនមាននរណាមានវត្តមាននៅកម្ពុជា ដូចការសន្យានោះឡើយ។ លោក គង់ ម៉ាស់ សម្តែងការសោកស្តាយចំពោះទង្វើដែលខ្លួនប្រព្រឹត្តតាមមនោគមន៍វិជ្ជារបស់មេដឹកនាំក្រុមប្រឆាំង និងបានស្នើសុំការសន្ដោសប្រណីពីសម្តេចតេជោ ហ៊ុន សែន ដើម្បីរូបគេបាននៅក្រៅឃុំ។
គួរបញ្ជាក់ថា នាពេលចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងសកម្មជនគាំទ្រ និងក្រុមយុវជន រួមទាំងមន្ត្រីដែលជាប់ក្នុងពន្ធនាគារ ដែលបានចាញ់ឧបាយកលដ៏ខ្មៅកខ្វក់របស់មេដឹកនាំបក្សប្រឆាំង បានធ្វើជាវីដេអូ និងជាលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន និងបានទទួលស្គាល់កំហុសដែលពួកគេបានធ្វើតាមការញុះញង់របស់មេដឹកនាំបក្សប្រឆាំងនាពេលកន្លងមក ហើយពួកគេក៏សម្រេចចិត្តសូមចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន អភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្រុមមន្ត្រី និងយុវជន បានលាតត្រដាង និងបកអាក្រាតអំពើខ្មៅកខ្វក់របស់គណបក្សប្រឆាំងដែលតែងតែញុះញង់បញ្ជេះកំហឹងប្រជាពលរដ្ឋឲ្យស្អប់រដ្ឋាភិបាល និងបង្កើតឱ្យមានភាពចលាចលក្នុងសង្គម ក្នុងគោលបំណងបង្កើតបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល៕
ដោយ៖ពលជ័យ

