លោក រ៉ុង ឈុន ដកខ្លួនចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលខេត្តកណ្តាល

ភ្នំពេញ៖ នៅទីបំផុតលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានសម្រេចដកខ្លួនចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជ្រើសតំណាងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

ការដកខ្លួននេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាលឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដូចនេះគណបក្សភ្លើងទៀនត្រូវប្ដូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល។

លោក រ៉ុង ឈុន បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១០ ឧសភា នេះថា ” …ខ្ញុំនឹងដកខ្លួនបើសិនជាយើងធ្វើការតវ៉ាទាមទារវាត្រូវ ប្រើពលវេលា ហើយមើលទៅពេលវេលាវាមិនគ្រប់គ្រាន់សម្រាប់ខ្ញុំធ្វើការតវ៉ាទាមទារជាមួយ គ.ជ.ប ហើយប្រសិនបើធ្វើការតវ៉ាទាមទារជាមួយ គ.ជ.ប ពេលហ្នឹងវានឹងអាចធ្វើឱ្យខូចបញ្ជីឈ្មោះ។ អ៊ីចឹងយើងត្រូវគិតពីប្រយោជន៍បក្ស និងអ្នកគាំទ្រ។ ដូច្នេះបញ្ហាតួនាទីតំណែងឬមួយឈរឈ្មោះចំពោះខ្ញុំវាមិនជាបញ្ហាអ្វីទេ ខ្ញុំនឹងដកខ្លួនថយឲ្យអ្នកបន្តបន្ទាប់ឡើងមកជំនួសទៅ។”

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ផ្អែកតាមមូលដ្ឋានច្បាប់ និងដោយហេតុថាឈ្មោះ រ៉ុង ឈុន ទើបត្រូវបានផ្តន្ទាទោសស្ថាពរ ដោយសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ I ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល ដូចនេះឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយឈ្មោះនេះ ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឱ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ នេះបើយោងតាមលិខិតរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រាបជូនឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីប្រធាន គ.ជ.ប បានស្នើសុំបញ្ជាក់អំពីភាពមាន ឬមិនមាននីតិសម្បទាឡើងវិញរបស់ឈ្មោះ រ៉ុង ឈុន តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ I ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល។

គ.ជ.ប បានធ្វើលិខិតជម្រាបទៅប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ គ.ជ.ប បានពិនិត្យលើសំណុំលិខិតសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន ឃើញថា : ពុំទាន់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់នៅឡើយទេ។ ចំណុចខ្វះខាត ដែលគណបក្សត្រូវបំពេញបន្ថែមមាន ដូចខាងក្រោម ៖
១- សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន ១(មួយ)ច្បាប់។
២- បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ។ ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្ដូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល។
៣- បង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ដែលចេញដោយអគ្គនាយកដ្ឋានរតនាគារជាតិ។
សូមជម្រាបថា គណបក្សភ្លើងទៀន បានយកពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ទៅដាក់នៅ គ.ជ.ប កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ

ads banner