ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ សម្តេចតេជោបានយកជីវិតរបស់ខ្លួនទៅប្តូរយកសន្តិភាព ដែលយើងកំពុងសោយសុខនឹងផ្លែផ្កាសន្តិភាពរហូតដល់ពេលនេះ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់ថា សម្តេចតេជោ បានយកជីវិតរបស់ខ្លួនទៅប្តូរយកសន្តិភាព ដែលយើងកំពុងសោយសុខនឹងផ្លែផ្កាសន្តិភាពរហូតដល់ពេលនេះ។ ដូចនេះក្នុងនាមជាកងទ័ព កងកម្លាំងប្រដាប់អាវុធ យើងត្រូវបេ្តជ្ញា កសាងសមត្ថភាព បង្កើនឆន្ទៈ លះបង់ឱ្យអស់កម្លាំងកាយចិត្ត ពេលវេលា និងបូជាជីវិត ដើម្បីធានាការពារបូរណភាពទឹកដី សុខសន្តិភាព សន្តិសុខសង្គម និងសុវត្ថិភាពជូនប្រជាជនកម្ពុជា។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ។ ការចែកអាវភ្លៀង ជូនដល់កងកម្លាំង ខណៈរដូវវស្សាបានមកដល់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា កម្មវិធីបែងចែកអាវភ្លៀង និងអាវរងា ជូនកងកម្លាំងប្រដាប់អាវុធ តែងតែធ្វើជាប្រចាំ ហើយនេះបានបង្ហាញពីការយកចិត្តទុកដាក់ គិតគូរជាប្រចាំនូវសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ទៀតថា ចំពោះកងទ័ព ក៏ដូចជាកងកម្លាំងប្រដាប់អាវុធរបស់យើង ក្រៅពីបំពេញការងារស្នូលរបស់ខ្លួន បងប្អូនកងកម្លាំង តែងតែចូលរួមសកម្មភាពការងារសង្គម ជួយប្រជាពលរដ្ឋដែលជួបប្រទះការលំបាក ជួបខ្យល់កន្ត្រាក់ គ្រោះមហន្តរាយជាដើម។ ជាក់ស្តែងក្រៅពីអាវភ្លៀង សម្រាប់ចែកជូនកងកម្លាំងប្រដាប់អាវុធនាថ្ងៃនេះ កងពលតូចថ្មើរជើងលេខ៥២ ក៏ទទួលបានអង្ករ សម្រាប់ប្រើប្រាស់ក្នុងអង្គភាព និងស័ង្កសី ចំនួន៥០០០សន្លឹក ដើម្បីយកមកជួយដល់គ្រួសារកងទ័ព ប្រជាពលរដ្ឋទីទាល់ក្រ និងប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិផ្សេងៗ ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានិត

ads banner