កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៦៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាសង្កត់ធ្ងន់អំពីសារៈសំខាន់ ក្នុងការថែរក្សា និងលើកកម្ពស់មជ្ឈភាពអាស៊ាន

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៦ ទីក្រុងឡាប៊ួនបាចូ ប្រទេសឥណ្ឌូនេស៊ី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់អំពីសារៈសំខាន់ ក្នុងការថែរក្សា និងលើកកម្ពស់មជ្ឈភាពអាស៊ាន តាមរយៈការពង្រឹងយន្តការទាំងឡាយដែលដឹកនាំដោយអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់។

ប្រភពក្រសួងការបរទេសបានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី២៦ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៣ នៅថ្ងៃទី០៩ ខែឧសភា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលប្រព្រឹត្តទៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ួនបាចូ ប្រទេសឥណ្ឌូនេស៊ី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានលើកឡើងផងដែរអំពីបញ្ហាសន្តិសុខប្រពៃណីនិងមិនប្រពៃណីសំខាន់ៗបំផុតមួយចំនួន ដូចជា ឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការលាងលុយកខ្វក់ និងគ្រឿងញៀនខុសច្បាប់ ជាដើម។ ឯកឧត្តមក៏បានទទូចឱ្យប្រទេសសមាជិកអាស៊ានទាំងអស់ផ្តល់ការគាំទ្រចាំបាច់នានាដល់មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន (ARMAC)។

កិច្ចប្រជុំបានកោតសរសើរចំពោះវឌ្ឍនភាព ក្នុងការអនុវត្តបន្ទាត់សកម្មភាពនៃផែនការលម្អិតស្តីពីសហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ២០២៥ ដែលសម្រេចបានប្រមាណ ៩៩% ហើយក៏បានលើកទឹកចិត្តដល់អង្គភាពតាមវិស័យនានា ដើម្បីសម្រេចឲ្យបាននូវអាទិភាពផ្សេងៗទៀតដែលនៅសល់។ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានកត់សម្គាល់ឃើញផងដែរថា ចាប់តាំងពីឆ្នាំ២០២១ មក លេខាធិការដ្ឋានអាស៊ានបានតាមដានលើបញ្ហាថ្មីៗ ដែលកំពុងកើតមានផងដែរ ដូចជា ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការឆ្លើយតបរបស់អាស៊ានចំពោះជំងឺរាតត្បាតកូវីដ-១៩ របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ (WPS) និងរបៀបវារៈយុវជន សន្តិភាព និងសន្តិសុខ (YPS) ដែលបានកំណត់ដោយក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន។


ចំណែកកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៣ ៖
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានកោតសរសើរដល់ការងាររបស់ក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យ វិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ (HLTF-ACV) ជាពិសេសការដាក់ចេញនូវអនុសាសន៍ប្រកបដោយខ្លឹមសារស្តីពីការពង្រឹងសហគមន៍អាស៊ាន។ ក្នុងន័យនេះ កិច្ចប្រជុំទន្ទឹងរង់ចាំការសម្រេចបាននូវសេចក្តីព្រាង សេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដែលនឹងត្រូវដាក់ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) នៅខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីស្នើសុំការអនុម័តជាគោលការណ៍។
កិច្ចប្រជុំក៏បានបញ្ជាក់ឡើងវិញផងដែរនូវការប្តេជ្ញាចិត្តចំពោះការប្រកាន់ខ្ជាប់នូវគោលបំណង និងគោលការណ៍នានាដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន ហើយថា ការធ្វើសេចក្តីសម្រេចរបស់អាស៊ានត្រូវតែផ្អែកលើការពិគ្រោះយោបល់ និងគោលការណ៍កុងសង់ស៊ីស។ ជាងនេះទៅទៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន រំពឹងការសម្រេចបាននូវឯកសារលទ្ធផលនៃក្រុមការងារឧត្តមមន្រ្តីអាស៊ានស្តីពីដំណើការធ្វើសេចក្តីសម្រេច (SOMWG-DMP) ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
អំពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ រដ្ឋមន្ត្រីការបរទេសអាស៊ានបានឯកភាពលើផែនទីចង្អុលផ្លូវ ដែលផ្អែកលើកម្មវត្ថុ និងលក្ខណៈវិនិច្ឆ័យ សម្រាប់សមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ ក្នុងអាស៊ាន និងដែលត្រូវដាក់ជូនប្រមុខដឹកនាំអាស៊ាន ដើម្បីអនុម័ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានគូសបញ្ជាក់ផងដែរអំពីតម្រូវការចាំបាច់ សម្រាប់ប្រទេសសមាជិកអាស៊ាន ដើម្បីជួយម័រឡេស្តេ ក្នុងការបំពេញឲ្យបាននូវលក្ខខណ្ឌទាំងឡាយឱ្យបានឆាប់បំផុត ជាពិសេស តាមរយៈកម្មវិធីកសាងសមត្ថភាពនានា៕

ដោយៈ ពលជ័យ

ads banner