ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញកាត់ឫសសីមា និងសម្ពោធសមិទ្ធផល នៅវត្តសិរីមង្គល ហៅវត្តសាមសិប
បាត់ដំបង៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមក្នុងពិធីកាត់ឫសសីមា និងសម្ពោធ សមិទ្ធផលនានា នៅវត្តសិរីមង្គល ហៅវត្តសាមសិប ស្ថិតនៅភូមិ សាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងពិធីដែលបានប្រារព្ធនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទកភាព និងអនុមោទនា ចំពោះ សមិទ្ធផលថ្មីៗជាច្រើននៅក្នុងវត្តសិរីមង្គលហៅវត្តសាមសិប ដែលត្រូវបានកសាងឡើងនៅលើទីតាំងតំបន់អតីតសមរភូមិហើយសព្វថ្ងៃក៏បានកកើតទៅជាទីអារាមគួរជាទីមនោរម្យនិងជ្រះថ្លាសម្រាប់ការជួបជុំធ្វើបុណ្យបំពេញទានតាមប្រពៃណីព្រះពុទ្ធសាសនារបស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តនៅក្នុងមូលដ្ឋាននេះផ្ទាល់ ក៏ដូចជា ពុទ្ធបរិស័ទ ដែលអញ្ជើញមកពីគ្រប់ទិសទី។

ឯកឧត្តមបានបញ្ជាក់ថា ក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ស្រុកកំរៀង បានប្រែមុខមាត់ពីតំបន់ជម្លោះប្រដាប់អាវុធ អស្ថិរភាព មកជាតំបន់ មានសុខសន្តិភាព សេរីភាពនិងការអភិវឌ្ឍរីកចម្រើនក៏ដូចជាការត ភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងដែលសម្រួលដល់ការធ្វើដំណើរក្នុងជីវភាពប្រចំាថ្ងៃព្រមទាំងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងដែរ។បន្តទៅមុខទៀតរាជរដ្ឋាភិបាលក៏នៅតែយកចិត្តទុកដាក់ ក្នុង ការកសាងអភិវឌ្ឍប្រទេសជាតិជាមួយនឹងគោលបំណងអាទិភាពចម្បងឥតកែប្រែគឺការធានានូវជីវភាពសុខសាន្តនិងសម្បូរសប្បាយរបស់ប្រជាពលរដ្ឋតាមរយៈការបន្តជំរុញការអភិវឌ្ឍឱ្យកាន់តែប្រសើរដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋជាជំហានៗនៅទូទាំងប្រទេសក៏ដូចមូលដ្ឋានស្រុកកំរៀងនេះផងដែរ។ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ចូល រួមជាមួយរាជរដ្ឋាភិបាល និង សម្តេចតេជោ ក្នុងការថែរក្សាឱ្យបាន នូវបរិស្ថានសុខសន្តិភាព ស្ថិរភាព ព្រមទាំងឱកាសក្នុងការបន្ត កសាងអភិវឌ្ឍប្រទេសឱ្យបានឋិតថេរយូរអង្វែង។

ឯកឧត្តមបណ្ឌិតក៏បានរំលេចផងដែរថាកាលពី៤៥ឆ្នាំមុនសម្តេចតេជោនិងយុទ្ធមិត្តបានចូលរួមបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះប្រទេស និងប្រជាជន ឱ្យចេញផុតពី របបប៉ុលពត ដែលបានគ្រប់គ្រងអំណាច ហើយបានកាប់សម្លាប់ ប្រជាពលរដ្ឋយ៉ាងព្រៃផ្សៃសាហាវឃោរឃៅ។ មកដល់បច្ចុប្បន្ន កម្លាំងសាមគ្គីភាពនេះ ក៏បានឋិតនៅយ៉ាងរឹងមាំ និងបានបន្តស្មារតី វីរភាព និងសកម្មភាពរួបរួមគ្នាបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ដោយបានសម្រេចនូវសមិទ្ធផលយ៉ាងច្រើនអនេកជូនសង្គមជាតិ រាប់ទាំងការការពារនូវអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការផ្តល់នូវ ឱកាស ក្តីសង្ឃឹម និងលំនឹងស្ថិរភាពសម្រាប់អនាគតទៅមុខ៕
ដោយ៖ហេង វណ្ណា


