បណ្ឌិត ហ៊ុន ម៉ាណែត សាទរចំពោះកំណើនប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងឌីជីថលក្នុងកម្ពុជា (Video Inside)
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា កំណើនប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងឌីជីថលបានបង្កើតនូវកាលានុវត្តភាពថ្មី ដូចជាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ប្រសាសន៍ថ្លែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការក្រុម ហ៊ុន BYTE DC Solutions នារាជធានីភ្នំពេញថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ”ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងបច្ចេកវិទ្យាឌីជីថល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងអំឡុងពេល នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩, បច្ចេកវិទ្យាឌីជីថល បានបង្កើតនូវកាលានុវត្តភាពថ្មី ដូចជាការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក ដែលអនុញ្ញាតឱ្យប្រតិបត្តិការអាជីវកម្មជាច្រើន អាចបន្តដំណើរការបាន ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ”។
បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា «ចំណែកឯក្រសួង-ស្ថាប័នសាធារណៈវិញ ក៏គេអាចបន្តកិច្ចការងាររបស់ខ្លួនបានផងដែរ តាមរយៈប្រើប្រាស់បច្ចេកវិទ្យាប្រជុំពីចម្ងាយ ដូចជាប្រព័ន្ធ Zoom ជាដើម ដែលជាការកាត់បន្ថយយ៉ាងមានប្រសិទ្ធភាព នូវផលប៉ះពាល់បង្កឡើងដោយ បញ្ហាជំងឺកូវីដ១៩។
លោកបានបញ្ជាក់ថា នៅក្នុងដំណើរការ នៃការអភិវឌ្ឍវិស័យឌីជីថល, រាជរដ្ឋាភិបាល បានកត់សម្គាល់ផងដែរអំពីតួនាទីយ៉ាងសំខាន់របស់វិស័យឯកជនដែលក្នុងន័យនេះ, រាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់ការលើកទឹកចិត្ត និងអាទិភាព ដល់សកម្មភាពនានាក្នុងវិស័យឌីជីថល និងវិស័យផ្សេងទៀតដែលមានគោលបំណងធ្វើបច្ចុប្បន្នកម្មប្រតិបត្តិការរបស់ខ្លួន តាមរយៈការធ្វើបរិវត្តកម្មឌីជីថល និងការបូកបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗ ទៅក្នុងប្រតិបត្តិការអាជីវកម្ម។