ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ដល់កម្មករ-និយោជិត និងនិយោជកទាំងអស់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបៀបបានទៅនឹងមាតាបិតា ដែលតែងខិតខំបង្កលក្ខណៈគ្រប់យ៉ាង ដើម្បីឱ្យកូនៗមានគ្រួសារកក់ក្តៅ និងសុខដុមរមនា ព្រមជាមួយនឹងឱកាសចម្រុងចម្រើនផ្នែកជីវភាព។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ យុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់របស់សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ដល់កម្មករ-និយោជិត និងនិយោជកទាំងអស់ តាមរយៈការធានានូវបរិស្ថានអំណោយផលនៃសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ព្រមទាំងការផ្តល់នូវការគាំទ្រលើកទឹកចិត្តដល់វិស័យឯកជនតាមគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវវឌ្ឍនភាពកាន់តែប្រសើរជូនសង្គមជាតិ និងការបង្កើតឱកាសការងារល្អៗកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ។ ដូច្នេះ សូមវិនិយោគិនបន្តជឿទុកចិត្តលើកម្ពុជា និងបន្តពង្រឹងសក្តានុពលដើម្បីទាញយកផលប្រយោជន៍ពីបរិយាកាសប្រកបដោយភាពអនុគ្រោះសម្រាប់ឱកាសអាជីវកម្ម និងការវិនិយោគដ៏សម្បូរបែប។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែក នៃរោងចក្រ-សហគ្រាស នៅសាលមហោស្រពកោះពេជ្រ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរបងប្អូនជាប្រធានរដ្ឋបាល និងប្រធានផ្នែក នៅតាមបណ្តារោងចក្រ-សហគ្រាសក្នុងរាជធានីភ្នំពេញ ចំពោះការខិតខំបំពេញតួនាទី និងភារកិច្ច នៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រោងចក្រ-សហគ្រាស និងចំពោះការរួមចំណែកក្នុងការធានាបាននូវនិរន្តរភាពនៃផលិតកម្ម និងអាជីវកម្មរបស់រោងចក្រ-សហគ្រាស ព្រមទាំងភាពសុខដុមរមនារវាងកម្មករ-និយោជិត និងនិយោជក ក្នុងរយៈកាលកន្លងមក ជាពិសេសការរួមចំណែកក្នុងការថែរក្សាលំនឹងស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលគ្រោះអាសន្ននៃវិបត្តិកូវីដ-១៩ ដែលពិតជាបានបង្ហាញអំពីជំនឿទុកចិត្តលើការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រធានរដ្ឋបាល និងប្រធានផ្នែក គឺជាជនបង្គោល និងជាស្ពានក្នុងការផ្សារភ្ជាប់ទៅនឹងកម្មករ-និយោជិត ដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីគោលនយោបាយ និងសមិទ្ធផលក្នុងវិស័យការងារ ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ដោះស្រាយជូនកម្មករ-និយោជិត សំដៅធានាបាននូវការលើកកម្ពស់ផ្នែកជីវភាព សុខុមាលភាព និងនិរន្តរភាពអាជីពការងាររបស់កម្មករ-និយោជិតយើង។ មួយវិញទៀត ប្រធានរដ្ឋបាល និងប្រធានផ្នែក ក៏ជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយនឹងអាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវកាតព្វកិច្ចនានា ដែលមានចែងក្នុងច្បាប់ និងបទដ្ឋានគតិយុត្តនានាក្នុងវិស័យការងារ បម្រើឱ្យការការពារផលប្រយោជន៍ដោយស្មើភាពចំពោះមុខច្បាប់សម្រាប់កម្មករ-និយោជិត និយោជក និងគ្រប់ភាគីពាក់ព័ន្ធ៕
ដោយ៖ពលជ័យ/រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត







