គម្រោងបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅពាក់កណ្តាលឆ្នាំនេះ នឹងត្រូវពន្យារពេលបន្ថែមទៀត
កោះកុង៖អភិបាលខេត្តកោះកុងបានឱ្យដឹងថា គម្រោងដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង អាចនឹងត្រូវលើកពេលបន្តទៀត ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវការពេលវេលាបន្ថែម ដើម្បីបញ្ចប់ការសាងសង់ និងកែប្រែចំណុចខ្វះខាតដែលនៅសេសសល់ មុននឹងអាចបើកដំណើរការសាកល្បងបាន។
បើតាមការគូសបញ្ជាក់របស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានលើកឡើងកាលពីពេលថ្មីនេះថា គម្រោងដាក់ឱ្យដំណើរការនេះទំនងជាអាចត្រូវពន្យារទៅពេលក្រោយទៀត ដោយសារមកទល់ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍មិនទាន់បានបញ្ជាក់ពីភាពរួចរាល់របស់ខ្លួននៅឡើយទេ។ ទោះយ៉ាងណាក៏ដោយ លោកជំទាវមិនទាន់អាចបញ្ជាក់លម្អិតពីចំណុចខ្វះខាត ដែលត្រូវកែប្រែទាំងនេះនោះទេ។
បែបនេះក្តី លោកជំទាវ មិថុនា ភូថង បានបានបង្ហាញក្តីរំពឹងថា ក្រោយព្រលានយន្តហោះនេះដាក់ឱ្យដំណើរការវានឹងជួយធ្វើឱ្យវិស័យទេសចរណ៍របស់ខេត្តនេះកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ពិសេសជួយស្រូបទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅខេត្តនេះកាន់តែច្រើនថែមទៀត។ លើសពីនេះព្រលានយន្តហោះនេះនឹងរួមចំណែកជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ទាក់ទាញការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗជាដើម។
ទាក់ទងនឹងការពន្យារពេលដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងនេះដែរឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ថា គម្រោងដាក់ឱ្យដំណើរការហោះហើរសាកល្បងរបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងនៅពាក់កណ្តាលឆ្នាំនេះ អាចនឹងត្រូវពន្យារពេលបន្ថែមទៀតមែន។
លោកបានគូសបញ្ជាក់ថា ៖ «ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍មិនទាន់បញ្ចប់ទាំងស្រុងលើការអភិវឌ្ឍ និងបំពេញបែបឯកសារពាក់ព័ន្ធសុវត្ថិភាពនៃការហោះហើរ តែយ៉ាងណាយើងរំពឹងថា ព្រលានយន្តហោះនេះនឹងអាចដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ»។
ចំពោះស្ថានភាពនៃការហោះហើរនៅកម្ពុជាបច្ចុប្បន្ន ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ធ្លាប់បាននិយាយកាលពីចុងខែមេសាថា មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២៧ក្រុមហ៊ុន បានតភ្ជាប់ជើងហោះហើរឡើងវិញ គឺស្មើនឹងជិត ៦០ភាគរយ នៃឆ្នាំ២០១៩ ដែលកំពុងហោះហើរចេញ-ចូល កម្ពុជា ខណៈដែលផ្លូវហោះហើរដែលនាំមុខគេនោះគឺ ផ្លូវហោះហើរ រវាង ភ្នំពេញ-បាងកក-ភ្នំពេញ, ភ្នំពេញ-សិង្ហបុរី-ភ្នំពេញ , ភ្នំពេញ-គូឡាឡាំពួរ-ភ្នំពេញ និងភ្នំពេញ-ហូជីមីញ-ហាណូយ -ភ្នំពេញ បើធៀបទៅនឹងឆ្នាំ២០១៩ ។

«ថ្មីៗនេះក៏មានការរពឹងទុកថា ផ្លូវហោះហើរ រវាងប្រទេសចិន និងកម្ពុជានឹងអាចឈានទៅជាផ្លូវហោះហើរ នាំមុខគេថ្មីបន្ថែមទៀតផងដែរ ។ ជាមួយនឹងការលប់ចោលនូវគោលនយោបាយសូន្យកូវីដ (គ្មានការកំណត់កូតាទៀតឡើយ) យើងរំពឹងទុកថា ជើងហោះហើរ រវាង ចិន និងកម្ពុជា នឹងមានការកើនឡើងជាលំដាប់បន្ទាប់ពីចូលឆ្នាំចិនរួច »។ នេះបើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថាបានបញ្ជាក់បន្ថែម។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរដំណាក់កាលទី១អភិវឌ្ឍន៍លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍន៍បន្តចំនួន១ពាន់ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ២រយលានដុល្លារ ដែលជាការវិនិយោគគាំទ្រវិស័យទេសចរណ៍។
តាមផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម ព្រលានយន្តហោះនេះរំពឹង ទទួលបានអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០២១-២០៣០ និងបន្តកើនឡើងអ្នកដំណើរ២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០៣០-២០៥០។ អាកាសយានដ្ឋាននេះអាចផ្តល់សេវាកម្មដឹកអ្នកដំណើរតាមយន្តហោះ ប៊ូអ៊ីង ៧៧៧(Boeing-777 )និង អ៊ែរបឺស៣៤០(Airbus A-340)៕
ដោយ៖វណ្ណ សុជាតា