មេដឹកនាំក្រុមប្រទេស G7 នឹងកំណត់គោលដៅវិស័យថាមពល ពាណិជ្ជកម្មរបស់រុស្ស៊ី ក្នុងជំហានទណ្ឌកម្ម

តូក្យូ៖មេ​ដឹក​នាំ​នៃ​ក្រុម​ប្រទេស​អ្នក​មាន​ទាំង​៧​ (G7) ​គ្រោង​នឹង​រឹត​បន្តឹង​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​ជប៉ុន​ក្នុង​សប្តាហ៍​នេះ​ ដោយ​កំណត់​គោលដៅ​លើ​វិស័យ​ថាមពល​ និង​​ពាណិជ្ជកម្ម​ ដែល​​ជួយ​ឱ្យ​រុស្ស៊ី​មាន​ហិរញ្ញ​វត្ថុ​ធ្វើ​សង្រ្គាម​នៅ​អ៊ុយក្រែន​។ នេះ​បើ​តាម​​ការ​រាយការណ៍​ផ្ដាច់​មុខ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ដែល​ស្រង់​សម្ដី​ប្រភព​មន្រ្តីដឹង​ពី​កិច្ច​ការ​នេះ​។ ​

ប្រភព​ឱ្យ​ដឹង​ថា​ ​​វិធានការ​ថ្មី​ដែល​នឹង​ប្រកាស​ឡើង​ដោយ​​ក្រុម​មេ​ដឹក​នាំ​ក្នុង​អំឡុង​​កិច្ច​ប្រជុំ​ថ្ងៃ​ទី​ ១៩-២១ ឧសភា​ នឹង​​កំណត់​គោលដៅលើ​ការ​​គេច​វេស​ពី​​​ទណ្ឌកម្ម​​ដែល​ពាក់​ព័ន្ធ​នឹង​ប្រទេស​ទី​​៣របស់​រុស្ស៊ី​​ ​ហើយ​​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​ការ​ផលិត​ថាមពល​នា​ពេល​អនាគត​របស់​រុស្ស៊ី​ និង​​​ទប់​ស្កាត់​ពាណិជ្ជកម្ម​ដែល​ជា​ប្រភព​ចំណូល​​គាំទ្រ​ផ្នែក​​យោធា​របស់​រុស្ស៊ី​។​

​ដោយ​ឡែក​មន្ត្រី​អាមេរិក​ក៏​រំពឹង​ថា​ សមាជិក​ G7 ​នឹង​យល់​ព្រម​កែ​សម្រួល​វិធី​សាស្រ្ត​របស់​ខ្លួន​​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​។ដូច្នេះ​ការ​នាំ​ចេញ​ទាំង​អស់​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ស្វ័យ​ប្រវត្តិ​ លុះ​ត្រា​តែ​ពួក​គេ​ស្ថិត​នៅ​ក្នុង​បញ្ជី​ទំនិញ​ដែល​ត្រូវ​បាន​អនុម័ត​ ដែល​វិធានការ​នេះ​ធ្វើ​ឡើង​​យ៉ាង​ហោច​ណាស់​​លើ​ប្រភេទ​ទំនិញ​មួយ​ចំនួន​។ ​

កន្លង​មក​​រដ្ឋបាល​របស់​លោក​ កន្លង​មក​បាន​ជំរុញ​សម្ព័ន្ធ​មិត្ត​ G7 ដែល​មាន​អាមេរិក​ ជប៉ុន​ អាល្លឺម៉ង់​ កាណាដា​ បារាំង​ អង់គ្លេស និង​អ៊ីតាលី​ ឱ្យ​ផ្លាស់​ប្ដូរ​ទណ្ឌកម្ម​របស់​ប្លុក​លើ​រុស្ស៊ី​បច្ចុប្បន្ន​  ដែល​​អនុញ្ញាត​ឱ្យ​​ទំនិញ​ទាំង​អស់​អាច​​លក់​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​ ប្រសិន​បើ​វា​មិន​ស្ថិត​​នៅ​ក្នុង​បញ្ជី​ខ្មៅ​។

​ជុំ​វិញ​បញ្ហា​នេះ​ បើ​តាម​ការ​អះ​អាង​របស់​ប្រភព​មន្រ្តី​អាមេរិក​ប្រាប់​រ៉យទ័រ​ ​​​​វិស័យ​​សំខាន់ៗ​​ដែល​ជា​ចំណុច​រសើប​សម្រាប់​យោ​ធា​រុស្ស៊ី​ ​ដឹង​តែ​ជា​អ្វី​ដែល​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ហើយ​ ប៉ុន្តែ​វា​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ពិភាក្សា​ក្នុង​ប្លុក​​​នៅ​ឡើយ​។

គួរ​​បញ្ជាក់​ថា ​ចំណាត់ការ​របស់​មេ​ដឹក​នាំ​ G7 ​លើ​រុស្ស៊ី​ នឹង​​ធ្វើ​ឡើង​ខណៈ​​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​របស់​អ៊ុយក្រែន​ ស្វែង​រក​វិធី​ថ្មី​ដើម្បី​រឹត​បន្តឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ រាប់​ចាប់​តាំង​ពី​ការ​គ្រប់​គ្រង​ការ​នាំ​ចេញ​ រហូត​ដល់​ការ​រឹត​បន្តឹង​ទិដ្ឋាការ​ និង​តម្លៃ​ប្រេង​។ ​

កន្លង​មក​សម្ព័ន្ធ​មិត្ត​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​ បាន​ប្រឆាំង​នឹង​គំនិត​​ហាម​ឃាត់​ពាណិជ្ជកម្ម​ទ្រង់​ទ្រាយ​ធំ​ជាមុន​ ​ហើយ​ចាំ​ចេញ​ការ​លើក​លែង​តាម​ប្រភេទ​តាម​ក្រោយ​។

​ជា​ឧទាហរណ៍​ សហភាព​អឺរ៉ុប​មាន​វិធី​សាស្រ្ត​ផ្ទាល់​ខ្លួន​ ហើយ​បច្ចុប្បន្ន​ក៏​កំពុង​ចរ​ចា​​គ្នា​លើ​​កញ្ចប់​ទណ្ឌកម្ម​ទី ​១១​ របស់​ប្លុក​លើ​រុស្ស៊ី​ ​​ដោយ​ភាគ​ច្រើន​ផ្តោត​លើ​​បុគ្គល​ ​និង​ប្រទេស​ដែល​គេច​ចេញ​ពី​ការ​រឹត​បន្តឹង​ពាណិជ្ជកម្ម​ដែល​មាន​ស្រាប់​។​

ត្រង់​ចំណុច​នេះ​ផង​ដែរ​មន្រ្តី​​កំពូល​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ម្នាក់​ បាន​​លើក​​ឡើង​ប្រាប់​រ៉យទ័រ​ថា​​៖ «​វិធី​សាស្រ្ត​ដែល​ត្រូវ​បាន​ពិភាក្សា​​«​យើង​ហាម​ឃាត់​អ្វី​គ្រប់​យ៉ាង​ជា​មុន​ ហើយ​ចាំ​​អនុញ្ញាត​ឱ្យ​មាន​ការ​លើក​លែង​ជា​ក្រោយ​» ​​នឹង​មិន​ដំណើរ​ការ​តាម​ការ​យល់​ឃើញ​របស់​យើង​នោះ​ទេ​។ ​យើង​​ច​ង់​​​ឱ្យ​​វា​បាន​​ច្បាស់​​លាស់​​ខ្លាំង​​ ​ដើម្បី​​​ជៀស​វាង​​ផល​​ប៉ះ​ពាល់​​ដោយ​​អចេតនា​»​៕

ប្រែសម្រួល៖ហួន ឌីណា

ads banner