អភិបាលរាជធានីភ្នំពេញជំរុញឱ្យអាជ្ញាធរពង្រឹងលើកិច្ចការពារសន្តិសុខសណ្តាប់ធាប់បន្ថែម ក្នុងថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២

ភ្នំពេញ៖ ខណៈកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ អាជ្ញាធររាជធានីភ្នំពេញ បានជំរុញឱ្យមានការពង្រឹងបន្ថែមទៀត លើកិច្ចការពារសន្តិសុខនិងសណ្តាប់ធ្នាប់នៅថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡានេះ ដើម្បីធ្វើយ៉ាងណាអោយព្រឹត្តិការណ៍នាថ្ងៃទី១៧ ឧសភានេះ ដំណើរការទៅដោយរលូននិងទទួលជោគជ័យ ជូនជាតិ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំត្រៀមបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ឧសភាឆ្នាំ២០២៣ ។

ឯកឧត្តម ឃួង ស្រេង បន្តថា៖ កិច្ចការងារ ការពារសន្តិសុខ ជារឿងសំខាន់ដែលយើងទាំងអស់គ្នា ក្នុងនាមអាជ្ញាធរ មានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ បើទោះបីកាលពីថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡានេះ យើងទទួលបានជោគជ័យនិងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានយ៉ាងណាក៏ដោយ ។ បន្ថែមពីនេះសម្រាប់ការរៀបចំផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ទាំង៧ទីតាំង ក៏ត្រូវតែរៀបចំឡើងឱ្យកាន់តែល្អជាងមុន ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាកំសាន្ត។

កិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់ទៅលើការរៀបចំសណ្តាប់ធ្នាប់ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ ដោយសារតែមានប្រជាពលរដ្ឋបានទៅចូលរួមទស្សនាលើសពីការកំណត់ ដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចត្រូវត្រៀមទុកជាមុន អោយរួចរាល់ ។

ឯកឧត្តម ឧត្ថមសេនីយ៍ ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃបើកកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយនៅខាងក្នុងកំណត់ត្រឹម ៥ម៉ឺននាក់ឡើងដល់ប្រមាណ ៦ម៉ឺននាក់ ខាងក្រៅស្តាតប្រមាណ ២ម៉ឺនទៀត សរុបប្រមាណ ៨ម៉ឺននាក់ ។ តែសម្រាប់ថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២នេះ អាចនឹងមានអ្នកចូលរួមច្រើនជាងពេលបើក ។

គួរបញ្ជាក់ថា៖ នៅថ្ងៃទី១៧ ខែឧសភាខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner