គណបក្សខ្មែរតែមួយ គាំទ្រ គ.ជ.ប បដិសេធចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន

ភ្នំពេញ៖ គណបក្សខ្មែរតែមួយ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេចបដិសេធទាំងស្រុងចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក្រោយមិនបានបំពេញគ្រប់ លក្ខខណ្ឌនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្តនីតិកាលទី៧ ឆ្នាំ២០២៣ ។

គណបក្សខ្មែរតែមួយ សូមប្ដេជ្ញាចូលរួមចំណែកការពារនូវសុខសន្តិភាព ស្ថិរភាពសង្គម លទ្ធិប្រជាធិបតេយ្យបែបខ្មែរនិយម និងគោរព តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសគាំទ្រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

គណបក្សខ្មែរតែមួយ ក៏បានស្នើដល់ក្រុមប្រឹក្សាធម្មនុញ្ញត្រូវតម្កល់សេចក្តីសម្រេចបដិសេធរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានចេញសេចក្តីសម្រេចបដិសេធការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ដើម្បីធានាបាននូវតម្លាភាព និងភាពស្មើគ្នាចំពោះមុខច្បាប់រវាងគណបក្សនយោបាយទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា៕

ads banner