លោក ប្រាយុទ្ធ អំពាវនាវឱ្យមានសាមគ្គីភាព ក្រោយចាញ់ការបោះឆ្នោតសកល
បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឱ្យមានសាមគ្គីភាព បន្ទាប់ពីគណបក្សកាន់អំណាចដែលគាំទ្រដោយយោធាបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតសកល។
គណបក្សថៃរួបរួមជាតិរបស់លោក ប្រាយុទ្ធ ទទួលបានតែ៣៦អាសនៈប៉ុណ្ណោះនៅក្នុងសភាជាន់ទាបដែលមានសមាជិកចំនួន៥០០រូប។ នៅថ្ងៃអង្គារសប្តាហ៍នេះ លោក ប្រាយុទ្ធ បានអបអរសាទរគណបក្សប្រឆាំងចំពោះជ័យជម្នះរបស់ពួកគេ ហើយថា លោកនឹងបន្តបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីថៃ រហូតដល់ការបង្កើតរដ្ឋាភិបាលថ្មី។

ស្របពេលជាមួយគ្នានេះដែរ លោក ប្រាយុទ្ធ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាអភិវឌ្ឍប្រទេសថៃ ដោយលោកបាននិយាយយ៉ាងដូច្នេះថា ខ្ញុំសុំឲ្យបងប្អូនជនរួមជាតិថៃទាំងអស់ រួមដៃគ្នាកសាងឯកភាព និងស្នេហាជាតិ ក៏ដូចជាស្ថិរភាពក្នុងប្រទេស ដោយមិនមានការប៉ះទង្គិចអ្វីឡើយ។
គណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលបានទទួលអាសនៈច្រើនជាងគេ ដោយមាន១៥២អាសនៈ បានប្រារព្ធពិធីដង្ហែរជ័យជំនះនៅទីក្រុងបាងកក កាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ។ ពិធីជប់លៀងនេះ ដឹកនាំដោយមេដឹកនាំបក្សចលនាឆ្ពោះទៅមុខ លោក ភីថា លីមចារឿនរ៉ាត់ អាយុ៤២ឆ្នាំដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard។

ការផ្តោតសំខាន់ គឺថាតើគណបក្សចលនាឆ្ពោះទៅមុខ អាចបង្កើតសម្ព័ន្ធភាពជាមួយគណបក្សប្រឆាំងដ៏ធំ គឺភឿថៃបានដែរឬទេ ខណៈដែលបក្សនេះមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលត្រូវបានបណ្តេញចេញពីតំណែង ហើយឈរនៅលេខរៀងទី២ ដោយមាន១៤១អាសនៈ។
ទោះបីជាយ៉ាងណា វានៅតែអាចទៅរួច ដែលគណបក្សគាំទ្រយោធាអាចជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ ដោយមានការគាំទ្រពីព្រឹទ្ធសភា ដែលសមាជិកត្រូវបានជ្រើសរើសដោយយោធា៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា