បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលសាសនា ក្នុងខេត្តកណ្តាល និងបានប្រាប់អ្នកចូលរួមជុំវិញភាពជោគជ័យរបស់កម្ពុជា លើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ថ្លែងក្នុងពិធីសម្ពោធឆ្លងសាលប្រជុំបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តគីរីស្រះស្រង់, ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ក្នុងស្រុកស្អាង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បណ្ឌិត ហ៊ុន ម៉ាណែត ដែលតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ «គឺជាមោទនភាពដ៏គួរឱ្យស្ញប់ស្ញែងក្នុងនាមជាខ្មែរ ដែលកម្ពុជាអាចសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជាឱ្យល្បឺរន្ទឺ»។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលបានប្រកាសបើកដំបូងនៅថ្ងៃទី៥ ឧសភា បានបិទបញ្ចប់វិញនៅថ្ងៃទី១៧ ឧសភានេះ។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជុំវិញមេដាយសរុប ដែលកម្ពុជាទទួលបានចំនួន២៨២គ្រឿង និងចាត់ទុកថា «លទ្ធផលដ៏ត្រចេះត្រចង់នេះ គឺកើតចេញពីការគិតគូរយ៉ាងច្បាស់លាស់ និងដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ តាមរយៈការផ្តល់នូវការយកចិត្តទុកដាក់វិនិយោគ រយៈពេលវែង ដែលនឹងបន្តចាក់គ្រឹះរឹងមាំសម្រាប់អភិវឌ្ឍសមត្ថភាពកីឡាករ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាពិសេសចលនាគាំទ្រនៅទូទាំងប្រទេស ដែលជាចលករយ៉ាងសំខាន់មិនអាចខ្វះបាន ដោយបានផ្តល់នូវការតម្កល់ផលប្រយោជន៍ជាតិជាធំ»។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «ក្រោមម្លប់នៃសន្តិភាព កម្ពុជាបាននិងកំពុងទទួលនូវមនុញ្ញផលជាច្រើន សម្រាប់ធ្វើការអភិវឌ្ឍជាតិ និងប្រជាជន តាមរយៈគោលនយោបាយដ៏ច្បាស់លាស់ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំដែលមានសម្តេចតេជោជាប្រមុខ»។

ads banner