ប្រមុខ អ.ស.ប ស្វាគមន៍កិច្ចព្រមព្រៀងថ្មីស្តីពីការនាំចេញគ្រាប់ធញ្ញាជាតិអ៊ុយក្រែន

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស បានស្វាគមន៍កិច្ចព្រមព្រៀងស្ថិតក្រោមការជួយសម្របសម្រួលដោយតួកគី នៅថ្ងៃទី១៧ ខែឧសភា ដើម្បីបន្តនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោកសម្រាប់រយៈពេលពីរខែទៀត។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេសបាននិយាយថា ការបន្តគំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញាជាតិសមុទ្រខ្មៅ មានសារៈសំខាន់ណាស់ ក្នុងការធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាព នៃកប៉ាល់ដឹកគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនឆ្លងកាត់សមុទ្រខ្មៅ ទោះបីជាមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែននៅលើដីក៏ដោយ។

លោក ហ្គូទែរេស បាននិយាយយ៉ាងដូច្នេះថា កិច្ចព្រមព្រៀងទាំងនេះមានសារៈសំខាន់សម្រាប់សន្តិសុខស្បៀងសកល… ផលិតផលអ៊ុយក្រែន និងរុស្ស៊ីមានសារៈសំខាន់ដើម្បីចិញ្ចឹមពិភពលោក។ លោកបានកត់សម្គាល់ថា កតិកាសញ្ញានេះ បានអនុញ្ញាតឱ្យនាវារបស់កម្មវិធីស្បៀងអាហារពិភពលោក ដែលមានស្រូវសាលី៣០,០០០តោនធ្វើដំណើរទៅកាន់ប្រទេសស៊ូដង់ ជាទីដែលជម្លោះនយោបាយក្នុងស្រុកបានផ្ទុះឡើង ដែលធ្វើឱ្យបញ្ហាសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរ។

លោក ហ្គូទែរេស បន្តថា បញ្ហាលេចធ្លោនៅតែមាន ប៉ុន្តែតំណាងមកពីរុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិ នឹងបន្តពិភាក្សាអំពីបញ្ហាទាំងនោះ ហើយខ្ញុំសង្ឃឹមថា យើងនឹងឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដើម្បីកែលម្អ និងពង្រីកគំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញាជាតិ។

យើងក៏សង្ឃឹមដែរថា ការនាំចេញស្បៀងអាហារ និងជី រួមទាំងអាម៉ូញាក់ពីរុស្ស៊ី និងអ៊ុយក្រែន នឹងអាចឈានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកដោយសុវត្ថិភាព ហើយអាចព្យាករណ៍បាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner